រាជរដ្ឋាភិបាល កំពុងបន្តការងារការទូត យ៉ាងសកម្មជំរុញភាគីថៃ ឱ្យគោរពកិច្ចព្រមព្រៀង
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងបន្តការងារ ការទូតយ៉ាងសកម្ម ដើម្បីជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀង ជាមួយគ្នាកន្លងមកលើការ អនុញ្ញាឱ្យគណៈកម្មាធិការព្រំដែនប្រទេសចុះវាស់វែង និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាល កំពុងបន្តការងារការទូតយ៉ាងសកម្ម ដើម្បីជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀង ដែលបានចុះ ហត្ថលេខាជាមួយគ្នាសំដៅដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ និងជាស្ថាពរ ជាពិសេសការអនុវត្តចំណុចទី៣ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រគល់ភារកិច្ចឱ្យគណៈកម្មការ JBC ចុះវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតដោយផ្តល់អាទិភាពដល់ទីតាំងដែលរងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។
លោកបន្តថា “គោលដៅចម្បងបំផុតនៃចំណុចនេះ គឺដើម្បីអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញសោយសុវត្ថិភាព ដោយគ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ និងក៏ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយធានាបាននូវនិរន្តរភាព និងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន” ។
បើតាមអ្នកនាំពាក្យ ក្នុងអំឡុង ពេលកម្ពុជា ទទួលរងការរំលោភបំពាន លើបូរណភាពទឹកដី និងដែលបានបង្កឱ្យជនស៊ីវិល ជាង៦៤ម៉ឺននាក់រត់ភៀសខ្លួនពីផ្ទះសម្បែងដោយបង្ខំ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោល នយោបាយច្បាស់លាស់ និងបន្ទាន់ ដើម្បីជួយគាំពារជនភៀសសឹក ដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញ នូវជីវភាពរស់នៅរបស់ពួកគេ ដែលរហូតមកទល់ពេលនេះ ពលរដ្ឋប្រមាណជា២ម៉ឺននាក់ទៀត មិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ ៕









