Feature

លោក ខូយ រីដា ជួបសំណេះសំណាល និងប្រកាសបិទផ្សាយ ជាសាធារណៈ ឯកសារ នៃការវិនិច្ឆ័យទិន្នន័យ ក្បាលដី នៅឃុំឈើតុំ

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តទួលត្បែង ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ លោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់ប្រជាពលរដ្ឋចំនួន៣ភូមិ រួមមាន ភូមិកប៉ាស់លើ និងភូមិទួលត្បែង ក្នុងឃុំឈើតុំ ស្រុកក្រគរ ។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋមកពីបណ្តាភូមិពាក់ព័ន្ធយ៉ាងច្រើនកុះករ។
ការប្រកាសបិទផ្សាយ ជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ ក្នុងការធានាភាព ច្បាស់លាស់ នៃទិន្នន័យដីធ្លី និងសិទ្ធិកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ។ តាមរយៈការបិទផ្សាយជាសាធារណៈ ប្រជាពលរដ្ឋមានឱកាសពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងទិន្នន័យក្បាលដីរបស់ខ្លួន ដើម្បីធានាថាទិន្នន័យដែលបានកត់ត្រាមានភាពត្រឹមត្រូវ និងស្របតាមស្ថានភាពជាក់ស្តែង ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចូលរួមសហការរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរ និងមន្ទីរជំនាញ ក្នុងការផ្តល់ព័ត៌មាន និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឱ្យបានច្បាស់លាស់ ដើម្បីរួមចំណែកធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី ។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងមន្ទីរជំនាញក៏បានបន្តជំរុញការអនុវត្តការងារវាស់វែង និងចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយបញ្ហាវិវាទដីធ្លីនៅមូលដ្ឋាន ។

ពិធីនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពរីករាយ ដោយប្រជាពលរដ្ឋបានបង្ហាញការគាំទ្រ និងសាទរ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្នុងការរៀបចំទិន្នន័យដីធ្លីឱ្យបានច្បាស់លាស់ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ។
អត្ថបទនេះដោយ÷ ខេម៉ា | ដើមអម្ពិល

To Top