ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Aeon នឹងដកខ្លួនចេញ ពីវិស័យផ្សារ ទំនើប នៅប្រទេសថៃទាំងស្រុង ដោយងាកទៅផ្តោត នៅក្នុងប្រទេសវៀតណាម ជំនួសវិញ

បរទេស៖ យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Aeon នឹងលក់អាជីវកម្មផ្សារទំនើប របស់ខ្លួននៅប្រទេសថៃ ទៅឱ្យក្រុមហ៊ុន Central Group ដើម្បីផ្តោត លើទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសវៀតណាម ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

យោងតាមផែនការមួយដែលបានប្រកាសនៅថ្ងៃទី៨ ខែសីហាគឺ ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Aeon នៅប្រទេសថៃ ដែលជាក្រុមហ៊ុនដំណើរការផ្សារទំនើប នឹងត្រូវផ្ទេរទៅឱ្យក្រុមហ៊ុន Central Food Retail នៅថ្ងៃទី ៣០ ខែកញ្ញា។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃប្រតិបត្តិការនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Aeon នឹងដកខ្លួនចេញពីវិស័យផ្សារទំនើបនៅប្រទេសថៃទាំងស្រុង។ ក្រុមហ៊ុន Central Food Retail ដំណើរការខ្សែសង្វាក់ផ្សារទំនើប Tops រួមជាមួយនឹងប្រព័ន្ធហាងងាយស្រួល និងផ្សារទំនើបលំដាប់ខ្ពស់ ជាចម្បងនៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន Aeon បានចូលទីផ្សារថៃក្នុងឆ្នាំ ១៩៨៤។ បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុននេះមានផ្សារទំនើបសរុបចំនួន ៣០ នៅទីនោះ ក្រោមម៉ាកយីហោ MaxValu និងគំរូហាងខ្នាតតូច MaxValu Tanjai។

បុគ្គលិក Aeon ប្រហែល ១.៣០០ នាក់នៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងរក្សាការងាររបស់ពួកគេបន្ទាប់ពីផ្សារទំនើបត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Central Group។ ទោះបីជាបានដកខ្លួន ចេញពីវិស័យផ្សារទំនើបក៏ដោយ Aeon នឹងបន្តប្រតិបត្តិការនៅក្នុងតំបន់ ផ្សេងទៀតនៅក្នុងប្រទេស រួមទាំងខ្សែសង្វាក់ឱសថស្ថាន Tsuruha កន្លែងកម្សាន្ត និងសេវាកម្មហិរញ្ញវត្ថុ។

ក្រុមហ៊ុន Aeon កំពុងធ្វើឱ្យប្រសើរឡើងយ៉ាងសកម្មនូវប្រសិទ្ធភាពដើមទុន និងប្រាក់ចំណេញរបស់ខ្លួន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននេះមានគម្រោង ផ្តោតការរីកចម្រើនរបស់ខ្លួន ទៅលើទីផ្សារសំខាន់ៗ រួមទាំងប្រទេសវៀតណាម ជាកន្លែងដែលផ្សារទំនើប របស់ខ្លួនកំពុងដំណើរ ការប្រកបដោយប្រសិទ្ធភាពរួចទៅហើយ។ ក្រុមហ៊ុន Aeon ក៏នឹងផ្តោតធនធាន របស់ខ្លួនទៅលើទីផ្សារដូចជា ប្រទេសម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។

ប្រែសម្រួលៈ ណៃ តុលា

To Top