វិស័យឧស្សាហកម្មក្នុងប្រទេសថៃ ប្រឈមមុខនឹងវិបត្តិការងារ ដែលកំពុងកើតមាន ខណៈរោងចក្រដែលបិទ ច្រើនជាងបើក

បរទេស៖ ទស្សនវិស័យការងារ របស់ប្រទេសថៃនៅឆ្នាំនេះនៅតែផ្ទុយគ្នា ខណៈពេលដែលការបញ្ឈប់ ការងារត្រូវបានគេរំពឹងថានឹងឈានដល់ ៥០០.០០០ នាក់ ដោយសារតែវិស័យផលិតកម្មមានការថយចុះ ដោយមានរោងចក្របិទច្រើនជាងការបើក ខណៈដែលប្រាក់ចំណូល អាជីវកម្មធ្លាក់ចុះ គណៈកម្មាធិការ អចិន្ត្រៃយ៍រួម ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារមានការព្រួយបារម្ភ អំពីកង្វះខាតកម្លាំងពលកម្មបរទេស ដែលបណ្តាលមកពីការរឹតបន្តឹងការជួល និងការចោទប្រកាន់ពីអំពើពុករលួយ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា នៅពេលដែលការបញ្ឈប់ការងារ កាន់តែរីករាលដាល ផលប៉ះពាល់នឹងមានវិសាលភាពធំទូលាយ ដែលនាំឱ្យមានការធ្លាក់ចុះនៃប្រាក់ចំណូលផ្ទាល់ខ្លួន និងបំណុលគ្រួសារឈានដល់កម្រិតមិនប្រាកដប្រជា។ វិធានការសង្គ្រោះរបស់រដ្ឋាភិបាលដូចជាកម្មវិធី “Thai Help Thai Plus” អាចបង្ហាញថាមិនគ្រប់គ្រាន់។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) រំពឹងថា អត្រាគ្មានការងារធ្វើ និងការបិទរោងចក្ររបស់ប្រទេសថៃនឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ ខណៈដែលសេដ្ឋកិច្ច និងវិស័យផលិតកម្មដែលមានការធ្លាក់ចុះនៅតែបន្តដាក់បន្ទុកលើសកម្មភាពអាជីវកម្ម និងការងារ។
យោងតាមក្រុមជំនាញគោលនយោបាយ បានឱ្យដឹងថា អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ០,៩ភាគរយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ស្របនឹងការកើនឡើងនៃកម្មករ ដែលដាក់ពាក្យសុំអត្ថប្រយោជន៍ ពេលគ្មានការងារធ្វើក្រោមមាត្រា ៣៣ នៃច្បាប់សន្តិសុខសង្គម។
ទន្ទឹមនឹងនេះ ការបិទរោងចក្រមានចំនួនច្រើន ជាងការចុះបញ្ជីរោងចក្រថ្មី នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាលើកដំបូងក្នុងរយៈពេល ១០ ត្រីមាសដែលរោងចក្របិទច្រើន ជាងការបើក៕
ប្រែសម្រួលៈ ណៃ តុលា








