ព័ត៌មានអន្តរជាតិ

តួនាទីចិន ក្នុងការថែរក្សាស្ថិរភាព និង ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ APEC

 នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងភាព មិនប្រាកដប្រជា ការកើនឡើង នៃនិន្នាការការពារនិយមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតមួយនៅក្នុងតំបន់ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌវេទិកាសហ​ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

 ចិនបានសង្កត់ធ្ងន់ជាបន្តបន្ទាប់លើការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍរួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ភាពជោគជ័យ របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺពឹងផ្អែកលើបរិយាកាស ស្ថិរភាពដែលបណ្តាប្រទេសសមាជិកបានរួមគ្នាថែរក្សា និងការបន្តគាំទ្រសាកលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបានអំពាវនាវឱ្យសមាជិក APEC ដោះស្រាយភាពខុសគ្នា តាមរយៈការពិគ្រោះយោបល់ និងរក្សាកិច្ចសហប្រតិបត្តិការក្នុង តំបន់ឱ្យដើរទៅក្នុងទិសដៅត្រឹមត្រូវ។

 លើសពីនេះ ចិនបានបន្តគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញការសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីកាត់បន្ថយហានិភ័យពីភាពមិនច្បាស់លាស់សេដ្ឋកិច្ចពិភពលោក។ តួនាទីនេះ​បានរួមចំណែកដល់ការពង្រឹងទំនុកចិត្ត របស់វិនិយោគិន និងការរក្សាស្ថិរភាពនៃទីផ្សារក្នុងតំបន់។ ក្នុងនាមជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៦ ចិនបានដាក់ចេញប្រធានបទ “ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដើម្បីវិបុលភាពរួម” (Building an Asia-Pacific Community to Prosper Together) ដោយផ្តោតលើអាទិភាពសំខាន់ចំនួនបី គឺ ភាពបើកចំហ (Openness) នវានុវត្តន៍ (Innovation) និងកិច្ចសហប្រតិបត្តិការ (Cooperation) ។​ ចិនបានជំរុញការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការគាំទ្រការសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការ​ពង្រឹងភាពតភ្ជាប់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការជំរុញគម្រោងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្មបើកចំហ និងជួយបង្កើនភាពធន់របស់សេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍបៃតង សន្តិសុខស្បៀង និងការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបង្កើតកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ការផ្តោតលើ​នវានុវត្តន៍នេះ​ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ចិនក្នុងការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពធន់ និងប្រកួតប្រជែងខ្ពស់។

 តួនាទីរបស់ចិនក្នុងការរក្សាស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុង APEC បានរួមចំណែកដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការបង្កើនទំហំពាណិជ្ជកម្ម និង​ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។ មន្ត្រីជាន់ខ្ពស់ APEC មួយចំនួនបានវាយតម្លៃថា ចិនបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរី និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងតំបន់​។ ជាមួយគ្នានេះ ការបន្តគាំទ្រពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់ចិន បានជួយពង្រឹងទំនុកចិត្តរវាងសមាជិក APEC និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនរួម​នាពេលអនាគត។

 សរុបមក ចិនបានបង្ហាញតួនាទីជាអ្នករក្សាស្ថិរភាពដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី-ប៉ា
ស៊ីហ្វិក​ តាមរយៈការគាំទ្រសន្តិភាព​ សេដ្ឋកិច្ចបើកចំហ និងពហុភាគីនិយម។ ​ទន្ទឹមនឹងនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ​ដោយផ្តោតលើការធ្វើសមាហរណកម្មសេដ្ឋកិច្ច នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។​ តួនាទីទាំងនេះមិនត្រឹមតែជួយរក្សាស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ដែលមានវិបុលភាពរួម និងអនាគតរួមប្រកបដោយសន្តិភាពផងដែរ៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

To Top