ណាហ្គាវើលដ៍សម្ពោធពិព័រណ៍ “មហាសមុទ្រ នៃសំណល់ប្លាស្ទិក” ដើម្បីបំផុសសកម្មភាព ប្រឆាំងនឹងការបំពុល ដោយប្លាស្ទិក
ភ្នំពេញ ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបើកសម្ពោធពិព័រណ៍ “មហាសមុទ្រ នៃសំណល់ប្លាស្ទិក” មានការតាំងបង្ហាញ ស្នាដៃច្នៃប្រតិដ្ឋ និងផលិតផលនវានុវត្តន៍ប្លាស្ទិកកែច្នៃ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការបំពុលដោយប្លាស្ទិក ដែលកំពុងគំរាមកំហែងដល់ទន្លេ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅកម្ពុជា ព្រមទាំងបំផុស គំនិតឲ្យមានសកម្មភាពរួមគ្នា ដើម្បីអនាគតកាន់តែស្អាត និងមានចីរភាព ។

រៀបចំឡើងនៅណាហ្គាវើលដ៍ទី១ ពិព័រណ៍នេះត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិ ក្រុមហ៊ុនណាហ្គាវើលដ៍ និងលោក Mizuno Hokuto នាយកក្រុមហ៊ុនហ្គោមី រីសាយខល ។

ក្នុងឱកាសពិធីបើកសម្ពោធ លោកស្រី ឃុន រចនា បានកោតសរសើរចំពោះគំនិតច្នៃប្រតិដ្ឋ និងសារអប់រំបរិស្ថាននៃពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” ដោយបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃពិព័រណ៍នេះក្នុងការលើកកម្ពស់ការយល់ដឹង ឲ្យកាន់តែទូលំទូលាយ អំពីការកាត់បន្ថយសំណល់ និងការកែច្នៃឡើងវិញ ។

លោកស្រី បានមានប្រសាសន៍ថា ខ្ញុំពិតជាមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើគំនិតច្នៃប្រតិដ្ឋ ដែលត្រូវបានដាក់ បង្ហាញនៅក្នុងពិព័រណ៍ “មហាសមុទ្រ នៃសំណល់ប្លាស្ទិក” នេះ។ ស្នាដៃរៀបចំលម្អ ចម្រុះពណ៌ ស្នាដៃសិល្បៈ របស់សិស្សានុសិស្ស និងផលិតផលច្នៃប្រតិដ្ឋថ្មីៗធ្វើឡើងពីប្លាស្ទិកកែច្នៃ ១០០ភាគរយបានបង្ហាញយ៉ាងច្បាស់ថា សំណល់ត្រូវបានបោះចោល អាចប្រែក្លាយទៅជាស្នាដៃដ៏មានអត្ថន័យ និងជំរុញទឹកចិត្តរបស់យើងយ៉ាងខ្លាំង។ ពិព័រណ៍នេះមិនត្រឹមតែអបអរសាទរ ដល់គំនិតច្នៃប្រតិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេចអំពីសារសំខាន់ នៃការកាត់បន្ថយសំណល់ប្លាស្ទិក ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអនុវត្តតាមគោលការណ៍ចីរភាព។

លោកស្រីក៏បានវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមហ៊ុនហ្គោមី រីសាយខល សម្រាប់ការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់ក្នុងការដោះស្រាយ បញ្ហាបំពុលដោយប្លាស្ទិក និងការលើកកម្ពស់ការទទួលខុសត្រូវទៅលើបរិស្ថាន។ គំនិតផ្តួចផ្តើមបែបនេះ បំផុសគំនិតដល់សហគមន៍ ជាពិសេសស្រទាប់យុវជន ឲ្យគិតគូរឡើងវិញ អំពីការប្រើប្រាស់ប្លាស្ទិក ទទួលស្គាល់តម្លៃនៃការកែច្នៃឡើងវិញ និងចូលរួមធ្វើសកម្មភាពជាក់ស្តែងដើម្បីឆ្ពោះទៅរកអនាគតកាន់តែស្អាត និងបៃតង។
បើកជូនសាធារណជនចូលទស្សនា ដោយសេរីរហូតដល់ថ្ងៃទី២៣ ខែសីហា ពិព័រណ៍នេះបង្ហាញពីផលប៉ះពាល់ នៃសំណល់ប្លាស្ទិកមកលើផ្លូវទឹក និងបរិស្ថានសមុទ្រនៅកម្ពុជាដែលយើងត្រូវតែដោះស្រាយរួមគ្នា។
សាធារណជនអាចទស្សនា និងឈ្វេងយល់ពីការដាក់តាំង បង្ហាញបែបអប់រំ ស្នាដៃសិល្បៈច្នៃប្រតិដ្ឋរបស់សិស្សានុសិស្ស និងផលិតផលបែបនវានុវត្តន៍ ដែលធ្វើឡើងពីប្លាស្ទិកកែច្នៃ ១០០ភាគរយ ដោយក្រុមហ៊ុនហ្គោមី រីសាយខលបង្ហាញ យ៉ាងច្បាស់ថា សំណល់អាចត្រូវបានច្នៃធ្វើជា របស់មានប្រយោជន៍ និងមានតម្លៃជាថ្មីតាមរយៈគំនិតច្នៃប្រតិដ្ឋ និងដំណោះស្រាយចក្រា។

លោក Pern Chen នាយកគ្រប់គ្រង ខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា ការបំពុល ដោយប្លាស្ទិក គឺជាបញ្ហាបរិស្ថានប្រឈម និងបន្ទាន់បំផុតមួយដែលសហគមន៍ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ បរិស្ថានធម្មជាតិ របស់ប្រទេសកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មួយរបស់ជាតិ ប៉ុន្តែបច្ចុប្បន្ន កំពុងរងការគំរាម កំហែង កាន់តែខ្លាំងពីសំណល់ប្លាស្ទិក ។ តាមរយៈពិព័រណ៍នេះ យើងសង្ឃឹមថានឹងចូលរួមជំរុញ លើកទឹកចិត្តឲ្យគ្រប់គ្នា កែប្រែ ទម្លាប់នៃការប្រើប្រាស់ និងការបោះចោលប្លាស្ទិក ព្រោះយើងទាំងអស់គ្នា គឺជាផ្នែកមួយនៃដំណោះស្រាយ។ តាមរយៈជម្រើសប្រកបដោយការទទួលខុស ត្រូវក្នុងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និង ការកែច្នៃឡើងវិញ យើងអាចរួមគ្នាជួយការពារ ប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសកម្ពុជា សម្រាប់ក្មេងៗជំនាន់ក្រោយ ។

ជាផ្នែកមួយនៃយុទ្ធនាការនេះ ណាហ្គាវើលដ៍បេះដូង សប្បុរស ដែលជាផ្នែកការងារចីរភាព និងទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរ ការការប្រកួតប្រជែង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងអំឡុងពេល នៃការតាំងពិព័រណ៍នេះ ។ សាធារណជន ត្រូវបានលើកទឹកចិត្ត ឲ្យចែករំលែករូបថត ឬវីដេអូអំពីពិព័រណ៍នេះ នៅលើបណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីការបំពុលដោយប្លាស្ទិក និងមានឱកាសឈ្នះរង្វាន់ដ៏ទាក់ទាញយ៉ាងច្រើនផងដែរ ។ គួរដឹងថា ពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” បើកជូនសាធារណជនចូលទស្សនារៀងរាល់ថ្ងៃនៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ចូលទស្សនាដោយសេរី ។
អំពីណាហ្គាវើលដ៍ ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរ បែបព្រមទាំងសាល សម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com៕









