ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ភ្នំពញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខារួម លើអនុស្សរណៈយោគយល់គ្នា របស់ក្រសួងទាំងពីរ ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ។
លោកស្រី ចម និម្មល បានលើកឡើងថា ការចុះអនុស្សរណៈរវាងក្រសួងទាំងពីរ ពិតជាមានសារៈសំខាន់និងមានអត្ថន័យជាប្រវត្តិសាស្រ្ត ដើម្បីពង្រឹងកិច្ចសហការការពារបរិស្ថាន លើកទឹកចិត្តដល់ធុរកិច្ចបៃតង ក៏ដូចជាជំរុញសកម្មភាពរបស់ក្រុមហ៊ុននានា មានការទទួលខុសត្រូវខ្ពស់លើបរិស្ថាន ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ។ លោកស្រិ បានមានប្រសាសន៍បន្ថែមថា ការពង្រឹងកិច្ចគាំពារបរិស្ថាន គឺមានភាពចាំបាច់ក្នុងការរក្សា ការប្រកួតប្រជែង និងការលើកតម្កើងផលិតផលកម្ពុជា ទីក្នុងទីផ្សាកាន់តែប្រសើរ។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលនិងការងារបរិស្ថាន គឺត្រូវបានកសាងឡើងនៅលើគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភីបាល។ ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា មានលទ្ធភាពគិតគូរ ដល់ចីរភាពបរិស្ថានយ៉ាងសំខាន់។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ច្បាស់លាស់ បញ្ចូលបញ្ហាបរិស្ថាន ទៅក្នុងបេះដូងនៃដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាថា ប្រទេសជាតិរបស់យើងនឹងរីកចម្រើនទៅមុខប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព។
លោក បានថ្លែងបន្ថែមថាអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម បានបង្ហាញពីការយកចិត្តទុកដាក់ និងសហការខ្ពស់ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានក្នុងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម សម្រាប់ការលើកកម្ពស់ការការពារសុខភាពសាធារណៈ និងបរិស្ថាន ប្រកបដោយនិរន្តរភាពនៅកម្ពុជា៕
