Feature

AIAI ប្តេជ្ញាចិត្តខ្ពស់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានលើកឡើងថា ក្រុមហ៊ុន Angkor International Airport Investment ហៅកាត់ថា AIAI បានប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ជាពិសេសសមិទ្ធផលនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ   ។

ក្នុងជំនួបជាមួយ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ឆ្នាំនេះ ជាខួប១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន AIAI និងខួប៣ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហៅកាត់ថា SAI ។

លោកបន្តថា នារយៈពេល ១០ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន AIAI បានបង្ហាញឆន្ទៈមុតមាំ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាកាសចរណ៍ ជាពិសេសសមិទ្ធផលនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រយៈពេល៣ឆ្នាំមកនេះ បានក្លាយជាផ្លូវអាកាសយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» រវាងកម្ពុជា និងចិន ។

ក្នុងឱកាសនោះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានបង្ហាញពីស្ថានភាពលំហូរអ្នកដំណើរក្នុងឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SAI ទទួលបានអ្នកដំណើរ ១.៤៧ លាននាក់ កើនឡើង ៥.៣% ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែស្មើនឹង ៣៧.៦% ធៀបនឹងឆ្នាំ២០១៩។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ មានអ្នកដំណើរចំនួន ៧១៤,១៣៣នាក់។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា ភាគីទាំងពីរបានដាក់ចេញវិធានការសកម្ម ដើម្បីទប់ទល់នឹងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល៕

To Top