លោក ពូទីន ព្រមានថា ចលនារបស់ណាតូ និងជប៉ុន បង្កការគំរាមកំហែង ដល់សន្តិសុខរុស្ស៊ី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ផែនការរបស់ណាតូ ក្នុងការដាក់ពង្រាយអាវុធថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បង្កការគំរាមកំហែងដល់រុស្ស៊ី។
លោកពូទីន បានឧ្យដឹងក្នុងអំឡុងពេលដំណាក់កាលចុងក្រោយ នៃសមយុទ្ធកងនាវាប៉ាស៊ីហ្វិកនៅ Yuzhno-Sakhalinsk ថា “យើងឃើញថា សក្តានុពលនៃជម្លោះកំពុងកើនឡើងនៅទីនេះ។
លោកបានលេីកឡេីងថា អង្គការណាតូ កំពុងជ្រៀតចូលទៅក្នុងតំបន់ ប្លុកយោធា-នយោបាយថ្មីកំពុងត្រូវបានបង្កើតឡើង ហើយប្រព័ន្ធអាវុធថ្មី កំពុងត្រូវបានដាក់ពង្រាយ និងគ្រោងនឹងដាក់ពង្រាយនៅទីនេះ ដែលបង្កការគំរាមកំហែងដល់ប្រទេសរបស់យើងផងដែរ”។
និយាយអំពីការផ្លាស់ប្តូរក្នុងតំបន់ លោកបានកត់សម្គាល់ថា ជប៉ុន បានចាត់ថ្នាក់រុស្ស៊ីជាប្រភពនៃការគំរាមកំហែងធំៗជាលើកដំបូង ប៉ុន្ដែលោកបានធានាថា រុស្ស៊ីមិនមានការទាមទារណាមួយប្រឆាំងនឹងជប៉ុននោះទេ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់អង្គការណាតូ សន្តិសុខនៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក និងឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង ជាពិសេសចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
បញ្ហានេះបានជំរុញឱ្យប្រទេសជប៉ុន និងអង្គការណាតូ បង្កើនកិច្ចសហការតាមរយៈកម្មវិធីភាពជាដៃគូដែលត្រូវបានរៀបចំឡើងជាលក្ខណៈបុគ្គល។ ប្រទេសជប៉ុន ក៏បានបង្កើតបេសកកម្មការទូតប្រចាំអង្គការណាតូ នៅក្នុងខែមករា ឆ្នាំ ២០២៥ ផងដែរ។
នៅចុងខែមិថុនា ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយជាបណ្តោះអាសន្នទៅកាន់មូលដ្ឋានទ័ពអាកាស Kanoya របស់កងកម្លាំងការពារដែនសមុទ្រជប៉ុន ក្នុងខេត្ត Kagoshima សម្រាប់សមយុទ្ធយោធា Valiant Shield 2026 ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។
ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ អ៊ុយក្រែន ប្រទេសជប៉ុន ក៏បានចូលរួមចំណែកដល់កញ្ចប់ជំនួយ ដ៏ទូលំទូលាយរបស់អង្គការណាតូ សម្រាប់អ៊ុយក្រែនផងដែរ។
លោកពូទីន បានបន្ថែមថា ភាពតានតឹងភូមិសាស្ត្រនយោបាយក៏កំពុងកើនឡើងនៅក្នុងតំបន់អាកទិក ហើយបានកត់សម្គាល់ថា ប្រទេសរុស្ស៊ី តែងតែតស៊ូមតិឱ្យមានការត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិតាមបណ្តោយផ្លូវសមុទ្រខាងជើង៕
ប្រែសម្រួល ឈូក បូរ៉ា








