ចិនចំណាយជិត ១ពាន់លានដុល្លារ លើការនាំចូលផ្លែទុរេន វៀតណាមក្នុងឆមាសទីមួយ ឆ្នាំ២០២៦

បរទេស៖ ទិន្នន័យគយរបស់វៀតណាមបានបង្ហាញថា ប្រទេសចិនបាននាំចូលផ្លែទុរេនវៀតណាមជិត ៩៨៨ លានដុល្លារអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៤៣,៤ ភាគរយធៀបនឹងឆ្នាំមុន ដែលស្មើនឹងជិតពាក់កណ្តាលនៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទៅកាន់ទីផ្សារ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ គឺ វៀតណាមបាននាំចេញផ្លែឈើ និងបន្លែចំនួន ២,០៤ ពាន់លានដុល្លារទៅកាន់ប្រទេសចិនក្នុងរយៈពេល៦ខែដំបូង កើនឡើងជិត ២៥ ភាគរយធៀបនឹងឆ្នាំមុន។
ផ្លែទុរេនមានតម្លៃប្រមាណ ៩៨៨ លានដុល្លារ ឬ ៤៨,៤៥ ភាគរយនៃចំនួនសរុប ដោយតម្លៃនាំចេញរបស់ផ្លែទុរេនលើសពីតម្លៃរួមនៃផ្លែស្រកានាគ ចេក ផ្លែខ្នុរ ដូង និងស្វាយ។
ការនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិនមានតម្លៃ ១៦៨,៣ លានដុល្លារ ខណៈដែលចេក និងផ្លែខ្នុររកបាន ១៥០,៣ លានដុល្លារ និង ១២៦,៦ លានដុល្លាររៀងៗខ្លួន។ ការនាំចេញដូងវិញ គឺស្ទើរតែទ្វេដង ខណៈដែលការដឹកជញ្ជូនផ្លែស្រកានាគ ចេក និងស្វាយបានធ្លាក់ចុះ។
លោក Đặng Phúc Nguyên អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការដឹកជញ្ជូនផ្លែទុរេនអាចបន្តកើនឡើង ដោយសារការផ្គត់ផ្គង់កើនឡើងនៅក្នុងខែខាងមុខ។
ប្រែសម្រួលៈ ណៃ តុលា








