ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រ អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារ នៃគម្រោង ការស្តារជីវភាព និង ធ្វើសមាហរណកម្មឡើងវិញ របស់អតីតជន ទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងពិភាក្សាពីវិធានការ ក្នុងការពង្រឹងការ ធ្វើសមាហរណកម្ម សេដ្ឋកិច្ច-សង្គមឡើងវិញ ភាពមានការងារធ្វើ ការទទួលស្គាល់ជំនាញពីមុន និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកស្រី នេលី ហ្កូសៃនី ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាង IOM និងកម្ពុជា ជាពិសេសផ្នែកទេសន្តរប្រវេសន៍ការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការអភិវឌ្ឍជំនាញ ការផ្តល់ឱកាសការងារ ការគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការគាំទ្រក្នុងការបង្កើតអាជីវកម្មធុនតូចនិងមធ្យម។

លោកបានលើកឡើងថា កន្លងមកទោះបីមានអតីតជន ទេសន្តរប្រវេសន៍ខ្មែរ វិលត្រឡប់មកវិញ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់ មានក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការមានវិធានការយ៉ាងឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការទទួល ការការពារ ការធ្វើសមាហរណកម្ម ចូលទីផ្សារការងារ និងផ្តល់ឱកាសការងារដល់មូល ដ្ឋានសម្រាប់ពួកគាត់។ ជាមួយការគាំទ្រពី IOM ក្រសួងក៏បានរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន និងផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លីដោយឥតគិតថ្លៃ ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានាផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីសេចក្តីព្រាងគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារ ដែល IOM នឹងផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅកម្ពុជា ក៏ដូចជាយន្តការរបស់កម្ពុជាក្នុងការទប់ស្កាត់ការជួញ ដូរកម្លាំងពលកម្មក្នុងបទល្មើសអនឡាញ ក៏ត្រូវបានលើកយកមកជជែក និងទទួលបានការកោតសរសើរពីសំណាក់ភាគី IOM ផងដែរ។

ជាការឆ្លើយតប លោកស្រី នេលី ហ្កូសៃនី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបានសម្តែងនូវ ក្តីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការ ដោយលោកស្រីបាន គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការបន្តកិច្ចសហការជាមួយក្រសួង ដោយនឹងជួយបន្តផ្សព្វផ្សាយ អំពីឱកាសការងារទៅ តាមមូលដ្ឋាននានា និងបន្តផ្ដល់ការគាំទ្រដល់អតីត ជនទេសន្តរប្រវេសន៍ខ្មែរ ជាពិសេស ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លី និងបង្កើតមុខរបរនៅក្នុង ខេត្តគោលដៅសំខាន់ៗនៅជាប់ព្រំដែន៕




