អ៊ីរ៉ង់ ព្រមានសហរដ្ឋអាមេរិក កុំឱ្យ គណនាខុស អំពីច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានសហរដ្ឋអាមេរិកកុំឱ្យធ្វើ «ការគណនាខុសដ៏ធំមួយ» អំពីច្រកសមុទ្រហ័រមូស ដោយផ្អែកលើ «ព័ត៌មានស៊ើបការណ៍ក្លែងក្លាយ»។
លោកបានចេញការព្រមាននេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សហរដ្ឋអាមេរិក រក្សាបាន «ការគ្រប់គ្រងទាំងស្រុង» លើច្រកសមុទ្រហ័រមូស។
លោក Araghchi បានលេីកឡេីងថា «សហរដ្ឋអាមេរិក បានគណនាខុសជាយូរមកហើយ ដោយសារតែការបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់។ ឧទាហរណ៍ជាក់ស្តែងលេីសង្គ្រាមលើអ៊ីរ៉ង់ ហេីយឥឡូវនេះ អាមេរិកគណនាខុសកាន់តែធំនៅលើច្រកសមុទ្រហ័រមូស»។
ទន្ទឹមនឹងនេះ អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែរ្សរបស់អ៊ីរ៉ង់ ដែលជាស្ថាប័នទទួលខុសត្រូវ ចំពោះចរាចរណ៍ផ្លូវសមុទ្រនៅ ក្នុងច្រកសមុទ្រហ័រមូស បានឧ្យដឹងថា “ការអះអាង និងការបង្ហោះម្តងហើយម្តងទៀត ដោយមន្ត្រីអាមេរិកថា ច្រកសមុទ្រហ័រមូសលែងត្រូវបានរារាំងទៀតហើយ មិនបានផ្លាស់ប្តូរការពិតនោះទេ”។
ប្រភពបានបន្ថែមថា “ច្រកសមុទ្រហ័រមូស នៅតែត្រូវបានរារាំង ហើយនឹងមិនត្រូវបានបើកឡើងវិញនោះទេ រហូតដល់លក្ខខណ្ឌរបស់អ៊ីរ៉ង់ ត្រូវបានទទួលយក”។
អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រង របស់ខ្លួនលើច្រកសមុទ្រហ័រមូសនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយហាមឃាត់ការឆ្លង កាត់ដោយសុវត្ថិភាពរបស់នាវាដែលជាកម្មសិទ្ធិរបស់ ឬជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសទាំងពីរ បានបើកការវាយប្រហាររួមគ្នាលើទឹកដីអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
