ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ច្រានចោលព័ត៌មានដែលបានផ្សាយថា ក្រុមនាវិកលើនាវាដឹកយន្តហោះ USS Abraham Lincoln ប៉ងសម្លាប់ខ្លួន ដោយសារនៅលើ សមុទ្រយូរពេក

បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា របាយការណ៍អំពីស្ថានភាពមិនល្អ នៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅមជ្ឈិមបូព៌ាត្រូវបាន “បំភ្លៃទាំងស្រុង”។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ថា សារព័ត៌មានពីរដែលផ្តោតលើយោធាគឺ Navy Times និង Stars and Stripes បានរាយការណ៍ពី ការប៉ុនប៉ងធ្វើអត្តឃាត និងការធ្លាក់ចុះនៃសីលធម៌លើនាវាដែលមានមនុស្ស ៥.០០០ នាក់ ដែលបាននៅលើសមុទ្រចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៥។

នាវាផ្ទុកយន្តហោះនេះបានស្ថិតនៅមជ្ឈិមបូព៌ាចាប់តាំងពីខែមករា ដោយគាំទ្រសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់។

លោក Hegseth បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់ប្រទេសប៉ាណាម៉ាថា “យើងធ្វើឱ្យប្រាកដថានាវានីមួយៗ ក្រុមនាវិកនីមួយៗ ប្រធានក្រុមនីមួយៗមានអ្វីគ្រប់យ៉ាងដែលយើងអាចផ្តល់ជូនពួកគេនៅគ្រប់ពេលវេលា។ ការដាក់ពង្រាយខ្លះមានរយៈពេលយូរជាងនាវាផ្សេងទៀត ហើយខ្ញុំមានការគោរព និងការដឹងគុណចំពោះនាវិកទាំងនោះច្រើនជាងអ្នកដទៃ។ អ្វីដែលពួកគេធ្វើនៅក្នុងសមុទ្រទាំងនោះក្នុងស្ថានភាពដ៏លំបាកទាំងនោះជាមួយនឹងការចូលចតកំពង់ផែតិចជាងមុន – វាពិតជាអស្ចារ្យណាស់”។

ជាធម្មតាការដាក់ពង្រាយកងទ័ពជើងទឹកមានរយៈពេលពីប្រាំមួយទៅប្រាំបួនខែ ប៉ុន្តែក្នុងអំឡុងពេលមានជម្លោះ វាអាចត្រូវពង្រីកបាន។

ការដាក់ពង្រាយរយៈពេលយូរអាចបង្កសម្ពាធយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់ក្រុមនាវិក ជាពិសេសក្នុងសម័យសង្គ្រាម ហើយតែងតែជាបញ្ហាប្រឈមសម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ នាវិកត្រូវតែរក្សាស្ថានភាពប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យបានខ្ពស់ ជាពិសេសជាមួយនឹងការគំរាមកំហែងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលពីអ៊ីរ៉ង់។
ប្រែសម្រួលៈ ណៃ តុលា

To Top