អាម៉េរិក ប្ដេជ្ញាបន្តពូនជ្រំ កិច្ចសហប្រតិបត្តិការ ការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ លោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការ ការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

ការគូសបញ្ជាក់របស់អនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិក ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យ លោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ លោកបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ ដែលឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។

លោកអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសសំខាន់មួយ ក្នុងភាពជាដៃគូជាមួយ សហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការ ការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ចំពោះវឌ្ឍនភាពវិជ្ជមាន នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្ត ជំរុញកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្ដេចធិបតី បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃដំណើរការ ត្រៀមរៀបចំសមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការ លើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាល មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទ រវាងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ សម្តេចធិបតី បានថ្លែងអំណរគុណ លោកប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួល ឱ្យមានបទឈប់បាញ់កន្លងមក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង បន្តយកចិត្តទុកដាក់ ចំពោះការកសាងសន្តិភាព រវាងកម្ពុជា និងថៃ ។

បន្ថែមលើនេះ សម្តេចធិបតី បានជម្រាបជូន លោកអនុរដ្ឋមន្ត្រី នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យក ការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕









