Feature

ក្រសួងសង្គមកិច្ច ឱ្យទប់ស្កាត់ការយកកុមារ ទៅបង្កើតមាតិកា តាមបណ្តាញសង្គម

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំស្តីពី ការទប់ស្កាត់ការយកកុមារ ទៅបង្កើតមាតិកាតាមបណ្តាញ សង្គមដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីទាក់ទាញការចាប់អារម្មណ៍ការកម្សាន្ត ឬ រកប្រាក់ចំណូល។

ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានការផលិតការបង្ហោះ ការចែកចាយ និងការចែករំលែកបន្តនូវរូបភាព ឬវីដេអូអាសអាភាសរបស់កុមារ តាមបណ្ដាញសង្គម និងកម្មវិធីផ្ញើសារផ្សេងៗ។

លើសពីនេះ ក៏មានអ្នកបង្កើតមាតិកា ដោយបុគ្គលល្បីៗមួយចំនួន បានយកកុមារមកសម្តែង ឬថតជាវីដេអូ ផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្ដ ឬរកប្រាក់ចំណូល ដោយប្រើប្រាស់ពាក្យពេចន៍ កាយវិការ ឬសកម្មភាពមិនសមរម្យ ដែលជាការរំលោភសិទ្ធិ សេចក្ដីថ្លៃថ្នូរសីលធម៌សង្គម ក្រមសីលធម៌ ឬគោលការណ៍សុវត្ថិភាពកិច្ចការពារកុមារដូចជា ការរំលោភបំពានដល់សិទ្ធិឯកជនភាព ការបោះបង់ការសិក្សា ឬការសិក្សាចុះខ្សោយ កុមារក្លាយជាកម្មវត្ថុនៃការធ្វើអាជីវកម្មសេដ្ឋកិច្ចការជួញដូរ និងការរំលោភបំពានផ្សេងៗទៀត។ សកម្មភាពទាំងនេះ គឺផ្ទុយនឹងអនុសញ្ញាអន្តរជាតិ ច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ៕

To Top