Feature

សិស្សប្រមាណ៣០០នាក់ ស្វែងយល់ពីពិភពជំនាញ បច្ចេកទេសនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសអង្គរ

សៀមរាប ៖ សិស្សានុសិស្សប្រមាណ ៣០០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប បានចុះទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រោងជាង ឧបករណ៍បច្ចេកទេស ព្រមទាំងឱកាសការងារដែលពាក់ព័ន្ធនឹងជំនាញនីមួយៗ។

ទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងបន្ទាប់ពីក្រុមការងារការិយាល័យទំនាក់ទំនងរបស់វិទ្យាស្ថាន បានចុះតម្រង់ទិសវិជ្ជាជីវៈ និងផ្សព្វផ្សាយអំពីការសិក្សាជំនាញបច្ចេកទេសដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងសកម្មភាពតម្រង់ទិសវិជ្ជាជីវៈនេះ ក្រុមការងារបានចុះផ្សព្វផ្សាយនៅវិទ្យាល័យចំនួន៦ រួមមាន វិទ្យាល័យអារញ្ញសាគរ ស៊ី អហ ស៊ី, វិទ្យាល័យនគរធំ, វិទ្យាល័យអង្គរជុំ, វិទ្យាល័យវ៉ារិន, វិទ្យាល័យក្រឡាញ់ និងវិទ្យាល័យកំពង់ក្ដី ដើម្បីផ្តល់ព័ត៌មានដល់សិស្សអំពីជម្រើសសិក្សាជំនាញ និងឱកាសការងារនាពេលអនាគត។

តាមរយៈការតម្រង់ទិស និងប្រឹក្សាជំនាញ ក្រុមការងារបានកត់សម្គាល់ថា សិស្សប្រមាណ ៥០ភាគរយ បានបង្ហាញចំណាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស ហើយបានស្នើឱ្យវិទ្យាស្ថានរៀបចំទស្សនកិច្ចសិក្សា ដើម្បីឱ្យពួកគេអាចស្វែងយល់ដោយផ្ទាល់ពីបរិយាកាសសិក្សា កម្មវិធីបណ្តុះបណ្តាល និងឧបករណ៍សម្រាប់ការអនុវត្តជាក់ស្តែង។

ជាការឆ្លើយតប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានរៀបចំមធ្យោបាយធ្វើដំណើរ និងទទួលសិស្សមកពីវិទ្យាល័យចំនួន៣ រួមមាន វិទ្យាល័យអារញ្ញសាគរ វិទ្យាល័យកំពង់ក្តី និងវិទ្យាល័យវ៉ារិន ដែលមានសិស្សចូលរួមសរុបប្រមាណ ៣០០នាក់។

ក្នុងអំឡុងពេលទស្សនកិច្ច សិស្សានុសិស្សត្រូវបាននាំទស្សនារោងជាង និងកន្លែងបណ្តុះបណ្តាលដែលបំពាក់ដោយឧបករណ៍ និងបរិក្ខារបច្ចេកទេស ស្របតាមជំនាញនីមួយៗ។ គ្រូបច្ចេកទេសរបស់វិទ្យាស្ថានក៏បានធ្វើបទបង្ហាញ និងពន្យល់អំពីកម្មវិធីសិក្សា រយៈពេលបណ្តុះបណ្តាល ជំនាញដែលកំពុងមានតម្រូវការនៅក្នុងទីផ្សារការងារ និងលទ្ធភាពការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

សកម្មភាពទស្សនកិច្ចសិក្សានេះ មានគោលបំណងជួយឱ្យសិស្សថ្នាក់ទី១២ អាចស្គាល់កាន់តែច្បាស់អំពីការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងជួយឱ្យពួកគេមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់សម្រាប់សម្រេចចិត្តជ្រើសរើសជំនាញសិក្សាបន្ត បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ៕

To Top