Feature

អាជ្ញាធរថៃ បែងចែកដីធ្លីមួយជុំថ្មីទៀត នៅក្នុងភូមិជោគជ័យ ដល់ពលរដ្ឋខ្លួន

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិខ្មែរបានឱ្យដឹងថា អាជ្ញាធរថៃ បានធ្វើការ បែងចែកដីធ្លីមួយជុំថ្មីទៀត ដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត នៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា អំពីការតវ៉ាប្រឆាំង សកម្មភាពខុសច្បាប់របស់ថៃ នៅភូមិជោគជ័យបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ ប្រឆាំងនឹងការបន្តរំលោភបំពាន ដោយប្រទេសថៃលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ដោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃបានធ្វើការបែងចែកដីធ្លីមួយជុំថ្មីទៀត ដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត នៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។

ក្រសួងបន្តថា សកម្មភាព រដ្ឋបាលខុសច្បាប់នេះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ ដើម្បីធ្វើឱ្យស្របច្បាប់ នូវកាន់កាប់ខុសច្បាប់ របស់ថៃ នៅក្នុងតំបន់នេះ ខណៈដែលគេបដិសេធសិទ្ធិ ក្នុងការវិលត្រឡប់ដោយ សុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញ ដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេ នៅក្នុងតំបន់នោះ។

ក្រសួងបញ្ជាក់ថា សកម្មភាពនេះ ធ្វើឱ្យប៉ះពាល់ ដល់ដំណើរការការងារ កំណត់ខណ្ឌសីមាព្រំដែន ដែលអនុវត្ត ដោយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ហើយបានរំលោភលើមាត្រា៥ នៃ អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែនគោក ដែលកម្ពុជា និង ថៃបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ កំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងចំណុចទី១ (វិធានការ កាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

កម្ពុជាបញ្ជាក់ជាថ្មី ពីការមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគី ដោយប្រទេស ថៃ ហើយសកម្មភាព ដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ ។

កម្ពុជាជំរុញឱ្យប្រទេសថៃ បញ្ឈប់ការបន្តធ្វើសកម្មភាព នៅក្នុងតំបន់ ដែលបានរៀបរាប់ខាងលើ ៕

To Top