Feature

រដ្ឋមន្ត្រី​ ហេង សួរ ៖ សហព័ន្ធសហជីព កម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) ជាដៃគូយ៉ាងសំខាន់ ជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងលើកកម្ពស់ លក្ខខណ្ឌការងារក្នុងវិស័យសំណង់ និងវិស័យសិប្បកម្មផលិតឥដ្ឋ

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ែកនឹស ហូលហ្វុត (Magnus Holtfodt) ទីប្រឹក្សាអន្តរជាតិនៃសហព័ន្ធសហជីពន័រវែស (LO Norway) ដែលជាសហព័ន្ធសហជីពដ៏ធំជាងគេ និងមានឥទ្ធិពលនៅក្នុងប្រទេសន័រវែស នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

ក្នុងជំនួបនោះ ក៏មានការចូលរួម ពី តំណាងសហព័ន្ធសហជីព អន្តរជាតិសំណង់ និងព្រៃឈើ (BWI) ដែលជាសហជីព លំដាប់ពិភពលោក មានមូលដ្ឋាន នៅប្រទេសស្វ៊ីស និងមានសាខាចំនួន១១០ប្រទេស ហើយដែលបានផ្តល់ការគាំទ្រ ទាំងថវិកានិងបច្ចេកទេសដល់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) ដែលមាន លោក សុខ គីន ជាប្រធាន ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាព និងលក្ខខណ្ឌការងាររបស់កម្មករកម្ពុជា ក្នុងវិស័យសំណង់ វិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យ ផលិតសម្ភារសំណង់ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការ បន្តពង្រីកកិច្ច សហប្រតិបត្តិការជាមួយគ្នា។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ម៉ែកនឹស ហូលហ្វុត លោក សុខ គីន និងសហការីទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចគាំទ្រ និងការសហការរវាងសហជីពន័រវែស និងសហជីពកម្ពុជា ជាពិសេស BWTUC ក្នុងការចែករំលែកបទពិសោធល្អៗ ដើម្បីកសាងសមត្ថភាព លើកកម្ពស់សុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ។ លោកបានលើកឡើងពីសារៈសំខាន់ នៅពេលដែលទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសន័រវែស និង កម្ពុជា មានការកើនឡើង ហើយវត្តមាន និងអ្នកទាំងអស់គ្នាជាសាក្សី គឺអាចជំរុញឱ្យក្រុមហ៊ុនន័រវែស កាន់តែច្រើនធានាថា ផលិតផល ដែលនាំចូលពីប្រទេសកម្ពុជា គោរពតាមបទដ្ឋានការងារជាតិ និងអន្តរជាតិ ដែលធានាបាននូវសិទ្ធិការងារ កិច្ចគាំពារសង្គម សុវត្ថិភាពនិងសុខភាពការងារ និងសេរីភាពអង្គការវិជ្ជាជីវ: ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឱ្យខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការនាំចេញ ចាប់ពីការផលិតវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច គឺត្រូវតែអនុលោមភាពតាមច្បាប់និងបទដ្ឋានការងារអន្តរជាតិ គ្មានការរំលោភបំពានសិទ្ធិនិងផលប្រយោជន៍កម្មករនិយោជិត។

លោករដ្ឋមន្រ្តីបានលើកឡើងថា សំណង់ជាវិស័យមួយដ៏សំខាន់ក្នុងផ្តល់ការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះគឺមានទាំងការងារក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ផ្នែកសុវត្ថិភាព និងសុខភាពការងារគឺនៅតែជាអាទិភាពសំខាន់ ដែលក្រសួងការងារកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងពាក់ព័ន្ធដើម្បីពង្រឹងសុវត្ថិភាព និងសុខភាពការងារ និងរបបសន្តិសុខសង្គម នៅការដ្ឋានសំណង់ និងកំណត់ឱ្យបានច្បាស់លាស់ពីការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ទប់ស្កាត់ពលកម្មកុមារ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើង ពីភាពរឹងមាំនៃយន្តការត្រីភាគីនៅកម្ពុជា ដែលបានចូលរួមចំណែកដ៏សំខាន់ ធ្វើឱ្យប្រសើរឡើងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ លោកបានលើកទឹកចិត្តឱ្យសហព័ន្ធសហជីព ក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដើម្បីធានាឱ្យវិស័យសំណង់ វិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យផលិតសម្ភារសំណង់ ធានានូវលក្ខខណ្ឌការងារល្អប្រសើរ។

ជាការឆ្លើយតប លោក ម៉ែកនឹស ហូលហ្វុត បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ដែលបានបង្ហាញកាន់តែច្បាស់ ថែមទៀតពីលក្ខខណ្ឌការងារ និងការពារសិទ្ធិដល់កម្មករនិយោជិត ដែលជាចំណុចស្នូល សម្រាប់ការពិចារណា របស់អ្នកវិនិយោគទុនន័រវែស ។ លោកនឹងពាំនាំព័ត៌មានដ៏វិជ្ជមាននេះ ដើម្បីផ្សព្វផ្សាយដល់អ្នក វិនិយោគទុនន័រវែស ក្នុងការស្វែងរកឱកាសវិនិយោគ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតរវាងកម្ពុជា និងន័រវែស៕

To Top