មន្រ្តីជំនាញ នៃក្រសួងការងារ កំពុងចុះដោះស្រាយកង្វល់ របស់បងប្អូនកម្មករ នៅរោងចក្រ លីស៊ុន បូយី ខ្លូស៊ីងប្រកប ដោយការយកចិត្តទុកដាក់
ភ្នំពេញ ៖ មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំពុងចុះទៅដោះស្រាយ និងសាកសួរព័ត៌មានបន្ថែមពីភាគីកម្មករនិយោជិត និង តំណាងរោងចក្រ លីស៊ុន បូយី ខ្លូស៊ីង ឯ.ក បន្ទាប់ពីមានកម្មករនិយោជិតនាំគ្នាតវ៉ា នៅក្នុងរោងចក្រ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញរបស់ក្រសួងការងារ បានចុះទៅកាន់ទីតាំងរោងចក្រផ្ទាល់ ដើម្បីសាកសួរ ប្រមូលព័ត៌មាន និងសម្របសម្រួលដោះស្រាយជាមួយភាគីកម្មករនិយោជិត និងតំណាងរោងចក្រ ស្របតាមនីតិវិធីច្បាប់ការងារជាធរមាន។

បើតាមអ្នកនាំពាក្យ ៖«បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបន្តប្រមូលព័ត៌មាន និងពិនិត្យលើសំណើរបស់ភាគីពាក់ព័ន្ធ មុននឹងចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ជារួម គឺយើងមិនដែលមើលរំលងបញ្ហារបស់បងប្អូនកម្មករនិយោជិតនោះទេ មន្រ្តីជំនាញនឹងព្យាយាមដោះស្រាយបានឆាប់រហ័សឱ្យបានទាន់ពេលវេលា»។

លោកបញ្ជាក់ថា ក្រសួងការងារ តែងតែយកចិត្តទុកដាក់លើការដោះស្រាយវិវាទការងារដោយឈរលើគោលការណ៍សន្ទនា ការគោរពច្បាប់ និងការការពារផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរកដំណោះស្រាយដែលអាចទទួលយកបាន។

អ្នកនាំពាក្យរូបនេះបានអំពាវនាវឱ្យកម្មករនិយោជិត និងភាគីពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ និងផ្តល់កិច្ចសហការជាមួយមន្ត្រីជំនាញ ក្នុងការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការដោះស្រាយប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីច្បាប់៕
