Feature

លោក ហង់ជួន ណារ៉ុន ផ្តាំនិស្សិតខ្មែរ ចេញទៅរៀននៅបារាំងថា កុំយក AI ដោះស្រាយជំនួស

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានផ្តាំផ្ញើទៅដល់ក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហាររូបករណ៍ ចេញទៅបន្តការសិក្សានៅបារាំងថា ត្រូវចៀសវាងយកបញ្ញាសិប្បនិម្មិត (AI) មកដោះស្រាយបញ្ហាជំនួសទាំងស្រុង ដែលអាចនាំឱ្យបាត់បង់ សមត្ថភាពរបស់ខ្លួន ។

ក្នុងជំនួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ របស់រដ្ឋាភិបាលបារាំង
រដ្ឋមន្ត្រីក្រសួងអប់រំ កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរៀន សូត្ររបស់និស្សិតជ័យលាភីទាំង១០រូប ដែលបានឆ្លងកាត់វគ្គជម្រុះជ្រើសរើសយ៉ាងលំបាក រហូតទទួលបានជោគជ័យ ទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ សាកលវិទ្យាល័យល្បីៗនៅប្រទេសបារាំង។

រដ្ឋមន្ត្រី ក៏បានសំណេះសំណាលស្វែងយល់ពីបទពិសោធនិស្សិត ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជួយដល់ការសិក្សា ព្រមទាំងបានណែនាំពីរ បៀបដែលនិស្សិតគួរប្រើប្រាស់ AI ជាជំនួយ ឬតម្រង់ទិសដោះស្រាយលំហាត់លំបាកៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រ ចៀសវាងការឱ្យ AI ដោះស្រាយជំនួសទាំងស្រុង ដែលអាចនាំឱ្យបាត់បង់សមត្ថភាពគិតពិចារណាជារបស់ខ្លួន ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក៏បានក្រើនរំលឹកឱ្យនិស្សិត ប្រកាន់ខ្ជាប់នូវគោលដៅសិក្សាពិតប្រាកដ គឺការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ដើម្បីបង្កើតអ្វីដែលថ្មី សម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថា កម្ពុជា-បារាំង មានប្រវត្តិកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ដែលរៀបចំឡើងដោយក្រសួងអឺរ៉ុប និងកិច្ចការបរទេសបារាំង ដើម្បីទាក់ទាញនិស្សិតអន្តរជាតិឆ្នើមៗ ឱ្យទៅបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសបារាំង៕

To Top