Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ ប្រព័ន្ធសុខាភិបាល មានភាពធន់ពិតប្រាកដ ជាប្រព័ន្ធអាចការពារប្រជាជន

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ពិតប្រាកដ គឺជាប្រព័ន្ធដែលអាចការពារប្រជាជន ហើយកត្តាដែលមានសារៈសំខាន់ជាសកលសម្រាប់ភាពជោគជ័យគឺ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំដ៏រឹងមាំ។

ក្នុងឱកាសអញ្ជើញចូលរួម និងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាលើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ៖ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការជួបជុំគ្នានៅទីនេះ «យើងមានក្តីប្រាថ្នារួមមួយ ដែលពិបាកខ្លាំង ក្នុងការសម្រេចឱ្យបាននោះគឺ ការធ្វើយ៉ាងណា ឱ្យ​មនុស្សគ្រប់រូប អាចទទួលបានសេវា ថែទាំសុខភាព តាមតម្រូវការ ទាន់ពេលវេលា នៅកន្លែងសមស្រប ប្រកប​ដោយ​គុណភាព សមរម្យ ដោយមិនឱ្យអ្នកជំងឺ ទទួលបន្ទុកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ សម្រាប់គ្រួសារនោះទេ។ នេះហើយ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងប្រធានបទឈានទៅរកវឌ្ឍនភាព ការគ្របដណ្តប់សុខភាពជាសកល»។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវចំណុចគន្លឹះមួយចំនួនមកជូនអង្គវេទិកា ដើម្បីធ្វើឱ្យបានប្រសើរឡើងសុខភាពប្រជាពលរដ្ឋគ្រប់រូប ស្របតាមវឌ្ឍនភាព​ពិភពលោក គឺការគ្របដណ្តប់សុខភាពជាសកលដោយមិនមែនត្រឹមតែការផ្តល់ហិរញ្ញប្បទានសុខាភិបាល មន្ទីរពេទ្យ គ្រូពេទ្យ ឱសថ បរិក្ខារ ឬការធានារ៉ាប់រងសុខភាពនោះទេ តែជាកិច្ចសន្យាសង្គម ត្រូវធានានូវតម្លៃនៃជីវិតមនុស្ស គឺមិនអាស្រ័យលើទីកន្លែងកំណើត រស់នៅទីក្រុងឬជនបទ អាយុ ប្រាក់ចំណូល លទ្ធភាពបង់ថ្លៃព្យាបាលឡើយ។ ដើម្បីឈានទៅសម្រេចបានជាបណ្តើរៗនូវគោលដៅការគ្របដណ្តប់សុខភាពជាសកល ត្រូវប្រកាន់ភ្ជាប់៖ សមធម៌កាន់តែប្រសើរ, គុណភាពកាន់តែខ្ពស់ និងទំនុកចិត្តកាន់តែរឹងមាំ។
 

លោករដ្ឋមន្រ្តីបន្តថា វិធានការដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន ក្រោមផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជា សកល មានគោលការណ៍៖ ភាពជាសកលដែលធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោល ការបង្កើនការគាំពារតាមរយៈអភិក្រមពហុវិស័យ កញ្ចប់អត្ថប្រយោជន៍ប្រកបដោយបរិយាបន្ន ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍ ការចំណាយប្រកបដោយប្រសិទ្ធភាព ផ្អែកលើលទ្ធផលសុខភាពដែលរំពឹងទុក ស្របតាមតម្រូវការរបស់ប្រជាជន និងប្រសិទ្ធភាពនៃការចំណាយប្រកបដោយតម្លាភាព។
 

បន្ថែមពីលើនេះរដ្ឋមន្រ្តីបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ពិតប្រាកដ គឺជាប្រព័ន្ធដែលអាចការពារប្រជាជន នៅពេលស្ថានភាពរៀប​រាប់​ខាងលើកើតមានឡើង តាមរយៈមន្ទីរពេទ្យ មណ្ឌលសុខភាព បន្តដំណើរការបាន បុគ្គលិកសុខាភិបាល ត្រៀមខ្លួនជានិច្ច ស្របតាមខ្លឹមសារស្នូល នៃសុខភាពតែមួយគឺ សុខភាពមនុស្ស សុខភាពសត្វ និងសុខភាពបរិស្ថាន ជាការទទួលខុសត្រូវរួមតែមួយ។ ចំពោះបញ្ញាសិប្បនិម្មិត គឺជាឱកាសដ៏ធំ ជាការទទួលខុសត្រូវក៏កាន់តែធំ ។ បញ្ញាសិប្បនិម្មិត ផ្តល់លទ្ធភាពធំធេង សម្រាប់វិស័យសុខាភិបាល បានជួយសម្រួល ដល់ការវិភាគទិន្នន័យបានលឿន ការជួយធ្វើរោគវិនិច្ឆ័យ ការគាំទ្រអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រើប្រាស់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ការតាមដានជំងឺ ការព្យាករណ៍ហានិភ័យនៃការផ្ទុះជំងឺរាតត្បាត និងអាចនាំជំនាញវេជ្ជសាស្ត្រឱ្យទៅកាន់តែជិតប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល។
 

សាស្រ្តាចារ្យ បានបញ្ជាក់ទៀតថាបញ្ញាសិប្បនិម្មិត ក្នុងវិស័យសុខាភិបាល បានពង្រឹងសមត្ថភាពមនុស្ស តែមិនត្រូវកាត់បន្ថយ ការទទួលខុសត្រូវរបស់មនុស្សឡើយ ដោយហេតុថា នៅពីក្រោយរាល់ទិន្នន័យ រូបភាពថតឆ្លុះ ការសម្រេចចិត្តព្យាបាល គឺមានមនុស្សម្នាក់ ដែលមានក្តីសង្ឃឹម ការភ័យខ្លាច ការឈឺចាប់ ដែលនៅតែត្រូវការមនុស្ស ជាអ្នកសម្រេចចុងក្រោយ ទោះបីជាបច្ចេកវិទ្យា វេជ្ជសាស្រ្តខ្ពស់យ៉ាងណាក៏ដោយ។ នវានុវត្តន៍មិនអាចជំនួសក្តីមេត្តាករុណា បច្ចេកវិទ្យាមិនអាចជំនួសការទទួលខុសត្រូវ និង ប្រសិទ្ធភាពមិនអាចជំនួសសមធម៌ បានទាំងអស់នោះទេ។ ដូច្នេះ បច្ចេកវិទ្យាត្រូវតែស្ថិតនៅក្នុងបម្រើមនុស្សជានិច្ច៕

To Top