Feature

កម្ពុជា-WHO ផ្លាស់ប្តូរយោបល់លើវិស័យសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៥ សីហានេះ បានជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) ។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ ភាគីទាំងពី២ បានចែករំលែកអំពីការឆ្លុះបញ្ចាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ ដ៏មានសារៈសំខាន់ និងពិភាក្សាអំពីកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដោយផ្តោតសំខាន់ទៅលើអាទិភាពមួយចំនួន ដូចជា ៖ ការថែទាំសុខភាពបឋម , ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង , ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ និងការជំរុញក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល និងបញ្ញាសប្បនិម្មិត (AI)។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសរំលេចថា កម្ពុជាស្វាគមន៍ ចំពោះការជួយគាំទ្រ ទាំងជំនួយបច្ចេកទេស និងអ្នកជំនាញ ចំពោះការចូលរួមជាមួយគ្នា ដើម្បីបន្តពង្រឹង និងកាន់តែបង្កើនភាពធន់នៃប្រពន្ធ័សុខាភិបាលកម្ពុជា ក៏ដូចជាថ្នាក់តំបន់។

បន្ថែមពីនេះ អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានផ្តល់ការវាយតម្លៃខ្ពស់អំពីវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវារនុវត្តន័» ដែលក្រសួងសុខាភិបាលបានរៀបចំរៀងរាល់រសៀលថ្ងៃអង្គារសម្រាប់គ្រប់កម្រិតដឹកនាំសុខាភិបាលទាំង២៥ខេត្តក្រុង ហើយដែលវគ្គទាំងអស់ (មកទល់ពេលនេះសរុប ១២៧វគ្គ) បាននិងបន្តផ្តល់សារៈសំខាន់ក្នុងការបង្កើនចំណេះដឹង និងចំណេះធ្វើបន្ថែម សម្រាប់មន្រ្តីសុខាភិបាល និងអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ចាប់ពីថ្នាក់ជាតិរហូតដល់សហគមន៍។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា ចូលរួម និងចែករំលែកបទពិសោធក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ផងដែរ តាមពេលវេលាសមស្រប៕

To Top