ឱកាសការងារជាង ៨ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. កម្មវិធី TVET និងឯកសារតម្រង់ទិសការងារ ត្រូវបានផ្សព្វផ្សាយជូនអតីតពលករ និងសិស្សទើបប្រឡងបាក់ឌុប ដល់មូលដ្ឋានក្នុងស្រុកបារាយណ៍
កំពង់ធំ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៨ ២០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. កម្មវិធី TVET និងឯកសារតម្រង់ទិសការងារសំខាន់ៗ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានប្រមាណជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅបរិវេណសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និង ផ្ដល់ការងារឱ្យខ្មែរ» លោក ជា កុសល រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៨ពាន់កន្លែងនេះគឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ លោកគូសបញ្ជាក់ថា ការងារគ្រប់ប្រភេទសុទ្ធតែមានតម្លៃ ដែលជាក់ស្តែងការងារក្នុងស្រុកនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប៉ុន្តែការងារចំណាកស្រុកនៅប្រទេសថៃប្រឈមហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅមិនជួបជុំក្រុមគ្រួសារ។

ទន្ទឹមនេះ បងប្អូនដែលមានជំនាញ ស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញ ជាផ្លូវការផងដែរ។ លើសពីនេះ បងប្អូន ឬសិស្សទើបប្រឡងបាក់ឌុប រួចក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើន តាមរយៈកម្មវិធី TVET ១,៥លាន ដែលរួមមានទាំងចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ព្រមទាំងស្កែន QR កូដរបស់ក្រសួងសម្រាប់ទទួលបានព័ត៌មានពាក់ព័ន្ធការងារ ឬឯកសារតម្រង់ទិសការងារ ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនោះ រួមមានការជ្រើសរើសបុគ្គលិកដោយ រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ,ក្រុមហ៊ុនបៀនហៀក អ៉ិនវេសវេន ខូអិលធីឌី , ក្រុមហ៊ុនស៊ី.អ .ស៊ី.ខេ ២ កំពង់ធំអភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុនហ្គោល ហ្វ័យសុន ខេមបូឌា,ក្រុមហ៊ុនស៊ី.ស៊ី.វី ខូអិលធីឌី,និង ក្រុមហ៊ុន មង្គល អេចអរ សម្រាប់ការជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅប្រទេសជប៉ុន៕













