កាតា សន្យាជំរុញការទូត ដើម្បីបន្ធូរបន្ថយភាព តានតឹងក្នុងតំបន់ និងធានាបាននូវការធ្វើនាវាចរណ៍ ដោយសេរីនៅច្រក សមុទ្រហ័រមូស
ដូហា៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កាតា ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ និងធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍ តាមរយៈច្រកសមុទ្រហ័រមូស។
លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ ដាច់ដោយឡែកចំនួនបី ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងប្រធានកិច្ចការបរទេស ស៊ីរី លោក Asaad al-Shaibani នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសកាតា។
ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ នាយករដ្ឋមន្ត្រីកាតា បានជំរុញ ឱ្យគ្រប់ភាគីទាំងអស់ប្តេជ្ញាចិត្ត ចំពោះការសន្ទនា និងការទូត គោរពអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធានាបាននូវសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស និងការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ។
ការហៅទូរស័ព្ទទាំងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេស កាតា លោក Majed Al Ansari បានបដិសេធការអះអាងថា កាតា កំពុងឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់។
លោក Al Ansari បានឧ្យដឹង នៅក្នុងការបង្ហោះមួយនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងបដិសេធយ៉ាង ដាច់អហង្ការ ចំពោះការអះអាង ដែលកំពុងចរាចរទាក់ទង នឹងការឃុំខ្លួនអ្នកបើក យន្តហោះអ៊ីរ៉ង់ ហើយមានការភ្ញាក់ផ្អើល ចំពោះសេចក្តីថ្លែងការណ៍បំភាន់ទាំងនេះ នៅពេលនេះ”។
ការបដិសេធនេះបានកើតឡើង បន្ទាប់ពីការអះអាងរបស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងកាតា បានចាប់ខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់បីនាក់ ដែលយន្តហោះចម្បាំង របស់ពួកគេត្រូវបានបាញ់ទម្លាក់ នៅពេលវិលត្រឡប់មកពីបេសកកម្ម យោធា ប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក នៅកាតា កាលពីខែមីនា៕
