Feature

រាជរដ្ឋាភិបាល នៅតែប្តេជ្ញាចិត្តដោះស្រាយដែន សមុទ្រត្រួតស៊ីគ្នាជាមួយថៃ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះការដោះស្រាយបញ្ហាលើដែន សមុទ្រជាមួយភាគីថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់ទំនុកចិត្ត ចំពោះដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ការព្រមព្រៀងរវាងកម្ពុជា-ថៃ ជ្រើសរើសលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមយន្តការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ(UNCLOS) គឺជាជំហានដ៏សំខាន់ មួយក្នុងដំណោះស្រាយបញ្ហាការទាមទារ ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ។
លោកបន្តថា ក្រៅពីការស្វាគមន៍ចំពោះវឌ្ឍនភាពថ្មីនេះ និងថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ កម្ពុជារំពឹងថា ដំណើរការផ្សះផ្សានឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូង ស្តីពី នីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អ្នកនាំពាក្យបញ្ជាក់ថា ដំណើរការផ្សះផ្សា ដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយវិវាទការទាមទារ ដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជាក៏ជឿជាក់ថា ដំណើរការផ្សះផ្សានេះនឹងផ្តល់ នូវឱកាសសម្រាប់ការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ន នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ក្នុងបរិបទដែលសន្តិសុខថាមពលកំពុងក្លាយជាក្តីបារម្ភដ៏ធំមួយទាំងក្នុងតំបន់ និងពិភពលោក។

លោក ប៉ែន បូណា បន្តថា “រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់ទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)” ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក៕

To Top