សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ធុងចម្រោះទឹកស្អាត និងចង្ក្រាន្ត ព្រមទាំងក្រម៉ា ជូនពលរដ្ឋ ៣១២គ្រួសារបន្ថែមទៀត ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ៣១២គ្រួសារ លើកទី២ មកពីភូមិចំនួន៤ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីក្រុមការងារគណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានឃុំ គណបក្សឃុំ និងសាខាបក្សភូមិ ។

នាពិធីសំណេះសំណាល លោក ឈឹម សៅគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន លោកយាយលោកតា អ៊ំពូមីង ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា នឹករលឹក និងស្រឡាញ់ ព្រមទាំងពរសព្ទសាធុការ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានេះ លោកប្រធាន បានជម្រាបជូនពីគុណបំណាច់ និងសមិទ្ធផលដ៏ធំធេងរបស់គណបក្ស ដែលបាននាំមកនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និង បន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀត លើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ លោក ឈឹម សៅគី បានគូសបញ្ជាក់ជូនថា លោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រើសរើសគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ពីព្រោះ គណបក្សប្រជាជនកម្ពុជា បានខិតខំស្ដារនិងអភិវឌ្ឍប្រទេសចាប់ពីចំណុចសូន្យ ព្រមទាំងបានធ្វើការបង្រួបបង្រួមជាតិឱ្យមានឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបានអនុវត្តដោយបិតាសន្តិភាពនៃកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ដូចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមការពារនូវសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដោយត្រូវបន្ដបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ហើយមិនត្រូវជឿតាមការឃោសនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ក្រុមប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសឡើយ ដើម្បីភាពរីកចម្រើន និងសុខដុមរមនាដោយចីរភាព ឈានសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាទីបញ្ចប់ លោក ឈឹម សៅគី បានប្រគល់នូវធុងចម្រោះទឹកស្អាត និងចង្ក្រាន្ត ព្រមទាំងក្រម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈលោក ឆាយ ប្ញទ្ធិសែន ចែកជូនប្រជាពលរដ្ឋចំនួន ៣១២គ្រួសារបន្ថែមទៀត ក្នុងឃុំតាំងក្រសាំង ប្រកបដោយក្តីរីករាយ និងស្និទ្ធស្នាលជាទីបំផុត។














