Feature

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាផ្លូវអាទិភាព សម្រាប់រថយន្តក្រុង ចូលកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហើបគម្រោងថ្មី ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសិក្សាផ្លូវអាទិភាព សម្រាប់រថយន្តក្រុង ចូលមកកណ្តាលរាជធានីភ្នំពេញ ដោយជ្រើសរើសផ្លូវអាទិភាពចំនួន ១ខ្សែ​ ដើម្បីសាកល្បង ។

ការលើកឡើងរបស់លោក​ ឃួង ស្រេង ធ្វើឡើងក្នុងឱកាសប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការ ផែនការអភិវឌ្ឍន៍ទេសចរណ៍ រាជធានីភ្នំពេញ២០២៦ -២០៣០ ធ្វើឡើងដើម្បីសម្រេច​បាននូវចក្ខុវិស័យ ឆ្នាំ២០៣០ រាជធានីភ្នំពេញ ប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយគុណភាព សុវត្ថិភាព ភាពកក់ក្តៅ ស្អាត បៃតងនិងភាពទាក់ទាញកម្រិតអន្តរជាតិ​​ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលារាជធានីភ្នំពេញ។

ក្នុង​ឱកាសនោះលោក​ ឃួង ស្រេង បានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ បានកែច្នៃតំបន់ទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាដើរលេងកំសាន្ត​ នៅរាជធានីភ្នំពេញ។ ជាក់ស្តែងថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានតំបន់ទេសចរណ៍ថ្មី ដែលមានភាពទាក់ទាញ ដល់ឆាកអន្តរជាតិ នោះគឺការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ (Walk street)។លោក អភិបាលបានបន្តទៀតថា ទិសដៅបន្ត ច្រាំងទន្លេមុខព្រះបរមរាជវាំង នឹងត្រូវធ្វើការកែលម្អ ដូចនេះ ផ្លូវថ្មើជើងចតុមុខ(Walk street) នឹងរឹតតែមានភាពទាក់ទាញបន្ថែមទៀត។ ជាមួយនេះ ការបង្កើតឱ្យមានសួនលំហែមួយ នៅភាគខាងជើងឈៀងខាងលិច ដែលមានផ្ទៃដី ៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ បានដាំដើមឈើសម្រេចបាន៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិចតា នៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយ។

ក្នុងនោះ លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងសិក្សាផ្លូវអាទិភាព សម្រាប់រថយន្តក្រុង ចូលមកកណ្តាលរាជធានីភ្នំពេញ ដោយជ្រើសរើសផ្លូវអាទិភាពចំនួន ១ខ្សែដើម្បីសាកល្បង។ គម្រោងទាំងអស់នេះ មិនត្រឹមតែកាត់បន្ថយ បានការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យទាក់ទាញខ្លាំង ដល់វិស័យទេសចរណ៍ផងដែរ​ ។

ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញ នឹងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាព និងភាពទាក់ទាញកម្រិតអន្តរជាតិ មានឧត្តមភាព​ ប្រកួតប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរ មកកម្សាន្តម្តងហើយម្តងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

លោក ហួត ហាក់ បានបន្តថា ការពង្រឹង សុវត្ថិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងវិស័យទេសចរណ៍ វាជារឿងសំខាន់ ក្នុងទាក់ទាញភ្ញៀវទេសចរ ហើយការងារនេះរាជធានីភ្នំពេញ អនុវត្តបានល្អណាស់។ រាជធានីភ្នំពេញ ជាច្រកទ្វារទេសចរណ៍មួយដ៏ធំ ពោលគឺដំបូងភ្ញៀវទេសចរ ត្រូវចូលមកច្រកទ្វាររាជធានីភ្នំពេញ មុនទៅដើរលេងកំសាន្ត​ នៅតំបន់ទេសចរណ៍ នៅតាមខេត្តផ្សេងៗទៀត។ លោក ហួត ហាក់ បានបន្តថា ភាពល្បីល្បាញរបស់ផ្លូវថ្មើជើងចតុមុខ គឺដោយសារមានទីតាំងល្អ ជាប់មាត់ទន្លេចតុមុខ នៅខាងមុខព្រះបរមរាជវាំង ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អ៕

To Top