ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីរ៉ង់ ប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់ ៣ម៉ឺនដុល្លារ ដល់ពលរដ្ឋអ៊ីរ៉ង់ណា ដែលបានសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកបាន

បរទេស៖ ទីក្រុងតេអេរ៉ង់នឹងផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ពលរដ្ឋអ៊ីរ៉ង់ណាដែលសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិក ។ នេះបើតាមមេបញ្ជាការកងទ័ពលោក Amir Hatami បានប្រកាស ដោយព្រមានទីក្រុងវ៉ាស៊ីនតោនកុំឱ្យដាក់កងទ័ពនៅលើដីអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃអាទិត្យ ក្នុងសុន្ទរកថាដែលផ្សាយដោយទូរទស្សន៍រដ្ឋ IRIB លោក Hatami បាននិយាយថា គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងបន្ទាប់ពីមាន “សំណើជាច្រើន” ពីប្រជាជនអ៊ីរ៉ង់ដែលចង់ចូលរួមក្នុងការការពារជាតិ។

លោក Hatami បាននិយាយថា “បុគ្គលណាដែលសម្លាប់ ឬចាប់ខ្លួន និងឱ្យអ្នកឈ្លានពានអាមេរិកចុះចាញ់ គឺនឹងទទួលបានរង្វាន់ចំនួន 30,000 ដុល្លារ ពីកងទ័ពអ៊ីរ៉ង់”។ ចំណែក “ស្ត្រីអ៊ីរ៉ង់ដែលអនុវត្តសកម្មភាពនេះដោយជោគជ័យនឹងទទួលបានរង្វាន់ទ្វេដង”។

លោក Hatami ក៏បាននិយាយផងដែរថា អាវុធដែលប្រើសម្រាប់សម្លាប់ទាហានអាមេរិកនឹងត្រូវបានទិញដោយរដ្ឋក្នុងតម្លៃទ្វេដង ហើយដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរដែលបានគ្រោងទុក ដោយម្ចាស់របស់ពួកគេទទួលបានអាវុធជំនួស។

សហរដ្ឋអាមេរិកមិនទាន់ បានចាប់ផ្តើមប្រតិបត្តិការលើដីនៅអ៊ីរ៉ង់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាបេសកកម្មដែលអាចដាក់កងទ័ពមួយចំនួនធំនៅលើទឹកដីអ៊ីរ៉ង់។
ប្រែសម្រួលៈ ណៃ តុលា

To Top