បទវិភាគ ៖ ពី”ទស្សនា ដោយប្រញាប់ប្រញាល់” ទៅ”ដកបទពិសោធយ៉ាងស៊ីជម្រៅ” ប្រទេសចិនស័ក្តិសមនឹង” ស្វែងយល់ម្តងហើយម្តងទៀត”

នាពេលថ្មីៗកន្លងទៅនេះ លោកElon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនTeslaរបស់សហរដ្ឋអាមេរិកបានចុច Like ប្រទេសចិនលើបណ្តាញទំនាក់ទំនងសង្គម ហើយបាន”សូមណែនាំយ៉ាងខ្លាំងឱ្យគេទៅទស្សនាប្រទេសចិន” ដែលបានបំផុសភាពកក់ក្តៅ នៃការស្វែងយល់ពីប្រទេសចិនរបស់ទេសចរបរទេសម្តងទៀត។ ពួកគេបាននាំគ្នាកោតសរសើរថា ”ប្រទេសចិនស័ក្តិសមនឹងស្វែងយល់ម្តងហើយម្តងទៀត ម្តងមិនគ្រប់គ្រាន់ទេ” “ខ្ញុំចង់ទៅទស្សនាប្រទេសចិនម្តងហើយម្តងទៀត”…
ទិន្នន័យមួយក្រុមបានបង្ហាញយ៉ាងច្បាស់ថា ៖ នៅឆមាសទីមួយឆ្នាំនេះ ចំនួនជនបរទេសដែលចូលដែនប្រទេសចិនបានឈានដល់២២លាន៩សែន១ម៉ឺន៤ពាន់នាក់ ដែលកើនឡើង២០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះ ជនបរទេសដែលចូលមកដោយលើកលែងទិដ្ឋាការមានចំនួន៧៧,៧% ដែលកើនឡើង៣០,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទន្ទឹមនឹងការធ្វើឱ្យសុក្រឹតភាពនូវគោលនយោបាយដូចជា”សងពន្ធវិញភ្លាម”សម្រាប់ការបង្វិលពន្ធសងវិញនៅពេលចេញពីដែនចិន ចំនួនអ្នកទេសចរបរទេសដែលបានបង្វិលពន្ធសងវិញនៅពេលចេញពីដែនប្រទេសចិននៅឆមាសទីមួយឆ្នាំនេះបានកើនឡើង ៣៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ហេតុអ្វីបានជាប្រទេសចិនធ្វើឱ្យអ្នកទេសចរបរទេសចូលចិត្តមិនចង់ត្រឡប់ទៅវិញ? លោកDai Bin ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍របស់ចិនបានថ្លែងថា ប្រទេសចិនមានប្រវ
ត្តិសាស្ត្រដ៏យូរលង់និងទឹកដីធំទូលាយ ដែលអាចបំពេញតម្រូវការខាងវិស័យទេសចរណ៍ច្រើនបែបយ៉ាង បើអ្នកទេសចរបរទេសគ្រាន់តែមកម្តងគឺពិបាក”ស្វែងយល់ច្បាស់” បានទេ។ ហើយបទពិសោធពីជីវភាពរស់នៅដ៏ទំនើបដែលកំពុងត្រូវកែលម្អជាបន្តបន្ទាប់ គោលនយោបាយផ្តល់ភាពងាយស្រួលដែលត្រូវលើកកម្ពស់កម្រិតជាបន្តបន្ទាប់ បរិយាកាសសង្គមប្រកបដោយសុវត្ថិភាព ក៏ដូចជាការបើកទូលាយនិងមេត្រីភាពរបស់ប្រជាជនចិន សុទ្ធតែបានបង្កើតជាកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លាចំពោះអ្នកទេសចរណ៍បរទេស ពោលគឺ ការមកលេងជាច្រើនដង ទើបអាចស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រទេសចិនដ៏ពិតប្រាកដនិងគ្រប់ជ្រុងជ្រោយ ។
“ដើរលេងមិនអស់”—នេះជាអារម្មណ៍ផ្ទាល់របស់អ្នកទេសចរបរទេសជាច្រើននាក់បន្ទាប់ពីមកដល់ប្រទេសចិន ។ នៅរដូវក្តៅនេះ ”ទេសចរណ៍វប្បធម៌” “ទេសចរណ៍គេចកម្តៅ”និង “ទេសចរណ៍អេកូឡូស៊ី”ជាដើមបានទទួលការពេញនិយមខ្លាំងជាបន្តបន្ទាប់។ ពីភាពអស្ចារ្យនៃមហាកំពែង ដល់ជញ្ជាំងសនិងក្បឿងខ្មៅនៃឃុំបុរាណនៅភាគខាងត្បូងទន្លេយ៉ាងសេ ពី ទំនៀមទម្លាប់ប្រពៃណីពិសេសផ្លូវសូត្រនៅវាលខ្សាច់ភាគពាយ័ព្យ ដល់ភ្នំព្រិលនិងបឹងពិសិដ្ឋនៃខ្ពង់រាប Qinghai និង Xizang សុទ្ធតែធ្វើឱ្យអ្នកទេសចរបរទេសពោរពេញទៅដោយក្តីភ្ញាក់ផ្អើលនិងសប្បាយរីករាយ ។ ស្លៀកពាក់ខោអាវបែបរជ្ជកាលហាន ដើរទស្សនាផ្សារបុរាណនិងទស្សនាបេតិកភណ្ឌអរូបី…អ្នកទេសចរបរទេសអាចទទួលអារម្មណ៍ពីធាតុពិតនៃវប្បធម៌ប្រជាជាតចិនដ៏ជ្រាលជ្រៅ តាមរយៈសកម្មភាពទាំងនេះ ។ តាមការស្ទង់មតិដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍របស់ចិននាពេលថ្មីៗនេះបានឱ្យដឹងថា ភ្ញៀវទេសចរណ៍ចូលដែនចិនចំនួនលើសពី៦០% បានចាត់ទុកការដកបទពិសោធពីវប្បធម៌ចិនជាគោលបំណងសំខាន់នៃការធ្វើទេសចរណ៍នៅប្រទេសចិន ។
ការធ្វើទេសចរណ៍នៅប្រទេសចិនក៏មានភាពងាយស្រួលផងដែរ ។ គិតមកទល់ខែមេសាឆ្នាំនេះ ចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន២៩ និងគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគីជាមួយប្រទេសចំនួន៥០ និងពង្រីកប្រទេសដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនរយៈពេល២៤០ម៉ោងដល់ចំនួន ៥៥ ប្រទេស។ ការបន្តពង្រីកគោលនយោបាយលើកលែងទិដ្ឋាការ អនុវត្តគោលនយោបាយកំណែ២.០ស្តីពីការបង្វិលពន្ធសងវិញនៅពេលចេញពីដែនចិន បូករួមទាំងប្រសិទ្ធភាពខ្ពស់បំផុតនៃផ្លូវដែកល្បឿនលឿន ការទូទាត់លុយតាមឧបករណ៍ចល័តនិងការគាំទ្រដ៏រឹងមាំនៃផែនការធ្វើដំណើរដោយ AI សុទ្ធតែធ្វើឱ្យ”ទេសចរណ៍នៅចិន” មានភាពកាន់តែងាយស្រួលនិងរលូន ។
ប្រទេសចិនដែលធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍដោយសន្តិភាព ពោរពេញទៅដោយភាពរស់រវើកខាងការច្នៃប្រឌិតថ្មី និងភាពទាក់ទាញខាងវប្បធម៌ គួរឱ្យអ្នកទេសចរបរទេសមកទស្សនាជាច្រើនដងដើម្បី”ស្វែងយល់ម្តងហើយម្តងទៀត” ៕








