លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់គ្មានឆន្ទៈយល់ព្រម លើកិច្ចព្រមព្រៀង ដែលលោកចាត់ទុកថា ចាំបាច់នោះទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនមានឆន្ទៈ ក្នុងការទទួលយកកិច្ចព្រមព្រៀងប្រភេទ ដែលលោកចាត់ទុកថា ចាំបាច់នោះទេ ដោយសាររយៈពេលចរចារយៈពេល ៦០ថ្ងៃរវាងភាគីទាំងពីរបានបញ្ចប់។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេនឹងមិនធ្វើកិច្ចព្រមព្រៀងប្រភេទដែលខ្ញុំមានអារម្មណ៍ថា ចាំបាច់នោះទេ”។
លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចរចានោះទេ ដោយបញ្ជាក់ជាថ្មីថា ការរារាំងអ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ នៅតែជាគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតីអាមេរិករូបនេះ បានលេីកឡេីងថា “អ្នកយល់ថាអ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ហើយពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ វាសាមញ្ញណាស់ ពួកគេមិនអាចមានសង្គ្រាមនុយក្លេអ៊ែរបាននោះទេ”។
លោកក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិក ទទួលបាន “ការគ្រប់គ្រងទាំងស្រុង” លើច្រកសមុទ្រហ័រមូស តាមរយៈការបិទផ្លូវកងទ័ពជើងទឹក របស់ខ្លួនប្រឆាំងនឹងកំពង់ផែអ៊ីរ៉ង់ទាំងអស់ ដោយគិតម្តងហើយម្តងទៀត អំពីការធ្វើឱ្យវាក្លាយជាទឹកដី របស់សហរដ្ឋអាមេរិក។
លោកបានបន្ថែមថា “យើងគ្រប់គ្រងច្រកសមុទ្រហ័រមូស ជាមួយនឹងការបិទផ្លូវ ហើយខ្ញុំចូលចិត្តគំនិតនៃការប្រកាសវាជាទឹកដីអាមេរិក យើងទទួលបានការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រឥឡូវនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
