ក្រសួងសុខាភិបាល និងទូតអាមេរិក ជំរុញការអនុវត្ត MOU សុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជំរុញការអនុវត្ត MOU សុខាភិបាល ឆ្នាំ២០២៦-២០៣០ ឆ្ពោះទៅការធានានិរន្តរភាព និងការគ្របដណ្តប់សុខភាពជាសកល ។

ការជំរុញនេះ ក្នុងជំនួបពិភាក្សារវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Aleksandra Zittle ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម និងយូរអង្វែងដល់វិស័យ សុខាភិបាលកម្ពុជា ជាពិសេសលើជំងឺអេដស៍ របេង គ្រុនចាញ់ សន្តិសុខសុខភាពសកល ការពិនិត្យតាមដានជំងឺ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពី អាទិភាពសុខាភិបាលរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ដោយផ្តោតលើការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ការពង្រឹងសន្តិសុខសុខភាពសកល ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការអភិវឌ្ឍធនធានមនុស្ស និងសុខភាពឌីជីថល។
ជំនួបបានផ្តោតលើវឌ្ឍនភាព និងជំហានបន្ទាប់នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំង MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលឆ្នាំ២០២៦-២០៣០ និងកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក (NIH)។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើ Global Health Security, Laboratory Capacity, Disease Surveillance, Influenza, Research និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបានឯកភាពលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំបច្ចេកទេសជាប្រចាំ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងឱកាសនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រឧបករណ៍ និងគ្រឿងបរិក្ខារសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺរបេង ដែលនឹងត្រូវប្រគល់ជូន CENAT និងបានស្នើពិចារណារៀបចំ ពិធីប្រគល់-ទទួល នៅចុងខែកញ្ញា ឬសប្តាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ ភាគីសហរដ្ឋអាមេរិក បានជម្រាបបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្ថែមផ្តល់ជូនក្រសួងសុខាភិបាលនូវឧបករណ៍ចាប់មូសចំនួន២០ម៉ឺនគ្រឿង បន្ថែមលើការអនុម័តពីពេលមុន ហើយនឹងពន្លឿនការនាំចូល ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម។

ជំនួបនេះ បានបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕












