រដ្ឋមន្រ្តីសុខាភិបាល ៖ ត្រូវពង្រីកការបណ្តុះបណ្តាល ដោយការដឹកដៃ អនុវត្តន៍ផ្ទាល់ ដល់មូលដ្ឋានសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ត្រូវបន្តពង្រឹងការបណ្តុះបណ្តាលបន្ត លើសមត្ថភាពថែទាំព្យាបាល ដោយមិននៅត្រឹមការបណ្តុះបណ្តាលរួមៗជាទ្រឹស្តី តែត្រូវបន្ថែមពង្រីកការបណ្តុះបណ្តាល ដោយការដឹកដៃអនុវត្តន៍ផ្ទាល់ ដល់ក្នុងមូលដ្ឋានសុខាភិបាលផ្ទាល់តែម្តង ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើង ពីលទ្ធផលនៃវេទិកា លើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នៅវិមានរដ្ឋសភា ប្រកបដោយជោគជ័យ និងមានការកោតសរសើរ នូវវឌ្ឍនភាពវិស័យសុខាភិបាល និងបានអនុម័តការពិភាក្សាទៅជាសកម្មភាព។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «យើងត្រូវពង្រឹងកម្លាំងសុខាភិបាលឱ្យមានប្រសិទ្ធភាព ដោយសុខភាពមានលក្ខណៈច្រើន ដែលជា ecosystem ដ៏ស្មុគស្មាញមួយ (complex) ជាប្រព័ន្ធប្រទាក់ក្រឡាគ្នា សម្រាប់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ»។

សាស្រ្តាចារ្យគូសរំលេចបន្ថែមថា សុខភាពបឋម ត្រូវផ្តោតការយកចិត្តទុកដាក់ជាចម្បង ដែលជាការវិយោគសុខភាពដ៏មានតម្លៃ ចំណោយតិច នឹងទទួលបានផលចំណេញនាពេលអនាគត។ សុខភាពបឋម ជាបញ្ហាសុខភាពសាធារណៈ ដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ សារគន្លឹះរបស់សាស្រ្តាចារ្យរដ្ឋមន្រ្តី «ការអប់រំសុខភាព គឺជាសសរគ្រឹះនៃយុទ្ធសាស្រ្ត ដែលជាការវិនិយោគសុខភាពរយៈពេលវែង។

បន្ថែមពីនេះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញអង្គភាពសុខាភិបាល ឱ្យបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍជួយគាំទ្រដល់វិស័យសុខាភិបាល ឱ្យកាន់តែស្អិតរមួល ដោយបង្កើតឱ្យមានសមិទ្ធផល វឌ្ឍនភាពជាមួយអ្នកជំនាញ និងជំរុញការងារសុខាភិបាលឌីជីថល ប្រព័ន្ធកត់ត្រាព័ត៌មានឱ្យកាន់តែប្រសើរឡើង ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹក ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម៕












