Feature

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសំណេះសំណាលជាមួយគ្រូ និងសិស្សសាលាដូង នៅលើភ្នំគីរីរម្យ

កំពង់ស្ពឺ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីស្ថានភាពនៃដំណើរការរៀន និងបង្រៀនរបស់សាលារៀននៅក្នុងតំបន់។

ការចុះពិនិត្យជាក់ស្តែងលើទីតាំងខាងលើ ក៏មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមួយចំនួនផងដែរ ។

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាដូងទាំងអស់ ក្នុងការបណ្តុះស្មារតីកុមារឱ្យមានចំណេះដឹងសម្រាប់អនាគត ជាពិសេសការអប់រំឱ្យកុមានមានចិត្តស្រឡាញ់បរិស្ថាន ការចូលរួមថែរក្សាព្រៃឈើ និងការកាត់បន្ថយប្លាស្ទិក ដោយផ្សារភ្ជាប់នឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ផ្តោតលើភាពស្អាត បៃតង និងចីរភាព។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចុះស្វែងយល់ពីស្ថានភាពអប់រំរបស់សាលាដូង លោករដ្ឋមន្រ្តីបានចុះជួប និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាគីរីរម្យ ដែលមានទីតាំងនៅក្នុងតំបន់ភ្នំគីរីរម្យផងដែរ។

កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសមិទ្ធផលដ៏មានប្រយោជន៍ បង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារចំនួនជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចសម្តេចសម្រួលបន្ទុកលើដំណើរការសាលាដូង ដោយផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ ជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ ២០២៦ នេះតទៅ៕

To Top