Feature

កម្ពុជា មិនទាន់បន្ធូរដៃឡើយ ចំពោះអនឡាញស្កេម ព្រោះឧក្រិដ្ឋជន កាន់តែមានល្បិចថ្មីៗ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជា មិនទាន់ដល់ពេលបន្ធូរដៃនៅឡើយទេ ចំពោះបញ្ហាអនឡាញស្កេម ពីព្រោះពួកឧក្រិដ្ឋជនកាន់តែមានល្បិចថ្មីៗ ដែលទាមទារឱ្យមន្រ្តីបំប៉នជំនាញ ឱ្យទាន់សភាពការណ៍។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសទទួលជួប លោកស្រី វីបាន ឡូស សានម៉ាតាំង ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងថា បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលប្រេស៊ីល កំពុងពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចអនុស្សរណៈនៃការយោគយល់ (MOU) និងក៏បានកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្របសម្រួលបញ្ជូនជនជាតិប្រេស៊ីលទៅប្រទេសកំណើត និងលើករណីជនជាតិប្រស៊ីលឃុំខ្លួននៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណ ចំពោះលោកស្រី ឯកអគ្គរដ្ឋទូត បានវាយតម្លៃប្រកបដោយការលើកទឹកចិត្ត មកលើការខិតខំប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាត បទល្មើសអនឡាញស្កេម។

យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា «កម្ពុជាមិនទាន់ដល់ពេលបន្ធូរដៃនៅឡើយទេ ពីព្រោះពួកឧក្រិដ្ឋជនកាន់តែមានល្បិចថ្មីៗ ដែលទាមទារឱ្យធនធានមន្រ្តីអនុវត្តច្បាប់ត្រូវទទួលបានការបណ្ដុះបណ្ដាល និងបំប៉នជំនាញឱ្យទាន់សភាពការណ៍»។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណប្រេស៊ីល បានប្រកាសត្រៀមជួយកម្ពុជាតាមរយៈយន្តការMOU។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តខ្ពស់បោសសម្អាត បទល្មើសអនឡាញស្កេម ឱ្យដល់ឬសគល់ដោយគ្មានការដកដៃ ពោលគឺទោះបីជាជនជាតិខ្មែរ ឬជាតិសាសន៍ណាក៏ដោយ សមត្ថកិច្ចត្រូវតែបង្ក្រាបឱ្យខាងតែបាន និងដោយគ្មានការលើកលែង។

ប្រមុខក្រសួងមហាផ្ទៃ បន្ថែមថា មកដល់ខែសីហានេះ ទីតាំងធំៗជាច្រើនកន្លែងត្រូវបានបិទទ្វារជាស្ថាពរ មេក្លោងតូចធំត្រូវបានចាប់ខ្លួន ខ្លះជាប់ឃុំនៅកម្ពជា ខ្លះបញ្ជូនទៅប្រទេសកំណើត ខណៈជនបរទេសជិត៤០ម៉ឺននាក់ត្រូវបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត គិតចាប់ពីដើមនីតិកាលថ្មីមក៕

To Top