Feature

ក្រសួងបរិស្ថាន ទប់ស្កាត់បទល្មើសព្រៃឈើ បង្ក្រាបបទល្មើសសត្វព្រៃ ចំនួន ២៣ករណី បញ្ជូនទៅតុលាការ ១ករណី ក្នុងខែកក្កដា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្នុងខែកក្កដា ឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធចុះពិនិត្យ និងបង្រ្កាបបទល្មើសនៅ តាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន។

ជាក់ស្ដែង ក្រុមការងារគម្រោង ការពារធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ មានក្រសួងបរិស្ថាន សហការជាមួយអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក្នុងខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តវិធានការតឹងរ៉ឹង ចុះល្បាតបានចំនួន៨៦លើក ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ការបង្ក្រាបបទល្មើសសត្វព្រៃ និងការពារធនធានធម្មជាតិសំខាន់ៗ សរុប ចំនួន ២៣ករណី ក្នុងនោះបានកសាងសំណុំរឿង(អញ្ញាតជន) ដើម្បីបញ្ជូនទៅតុលាការបានចំនួន១ករណី។

ក្នុងចំណោមបទល្មើសបង្កាបបាន មានបទល្មើសព្រៃឈើមានចំនួន១៤ ករនី បទល្មើសសត្វព្រៃមានចំនួន៨ ករណី និងបទល្មើសនេសាទខុសច្បាប់ចំនួន ១ករណី។ លើសពីនេះក្រុមការងារ បានដកហូតវត្ថុតាង រួមមានរណាយន្តតូចធំចំនួន១៦គ្រឿង គោយន្តចំនួន១គ្រឿង កាំភ្លើងកែច្នៃចំនួន៥ដើម អន្ទាក់ខ្សែ ចំនួន៤៦២ខ្សែ និងសម្ភាប្រព្រឹត្តបទល្មើសមួយចំនួនទៀត។

សូមបញ្ជាក់ថា ជារួមនៅទូទាំងប្រទេស នៅក្នុងខែកក្កដាកន្លងមកនេះ ក្រសួងបរិស្ថានបានពង្រឹងការងារគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់ ដើម្បនិរន្តរភាពបរិស្ថាន។ មន្រ្តីឧទ្យានុរក្ស បានចុះពិនិត្យនិងបង្ក្រាបបានផ្ទៃដីកាប់រានខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ ២១,២៦ហិកតា ក្នុងនោះកសាងសំណុំរឿងទៅតុលាការសរុបទំហំ ២,៨៩ហិកតា និងផ្ទៃដីបង្រ្កាបដោយក្រុមការងារចម្រុះសរុបទំហំ ១៨,៣៧ហិកតា។ ក្រុមការងារបានចុះល្បាតចំនួន ១ ២៦០លើក (ថយចុះ ៥៣លើក) និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៤៧ករណី (ថយចុះ ៥ករណី)ធៀប នឹងខែមិថុនា ឆ្នាំ២០២៦ រួមមាន បទល្មើសព្រៃឈើចំនួន ៥៣ករណី បទល្មើសសត្វព្រៃចំនួន ៣៤ករណី បទល្មើសដីធ្លីចំនួន ៣៨ករណី បទល្មើសនេសាទចំនួន ១៨ករណី និងបទល្មើសធនធានរ៉ែចំនួន ៤ករណី។

ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានចាត់វិធានការច្បាប់ និងបានអនុវត្តរៀបចំកំណត់ហេតុបទល្មើសចំនួន ៦៥ករណី បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៦ករណី និងបានបញ្ជូនជនសង្ស័យចំនួន ៦នាក់ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

To Top