AOT KH HOM ចុះផ្ទៀងផ្ទាត់ និងរាយការណ៍ នៅច្រកទា្វរព្រំដែនអន្តរជាតិ
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែន អន្តរជាតិប៉ោយប៉ែត ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែន អន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ ចូលជាធរមាន។

អ្នកនាំពាក្យបញ្ជាក់ថា ទីតាំងដែលរងផលប៉ះពាល់នេះ គឺជាទីតាំងប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលកំពុងប្រើប្រាស់ប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដោយរហូតមកដល់ពេលនេះ ពុំទាន់អាចស្តារប្រកបអាជីវកម្មចិញ្ចឹមជីវិតបានវិញ នៅឡើយទេ ដោយសារទីតាំងនេះ ត្រូវបានកងកម្លាំងយោធាថៃវាយប្រហារ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥ ។

អ្នកនាំពាក្យបន្ថែមថា ទីតាំងនេះ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចម្ងាយប្រមាណជាង ៨គីឡូម៉ែត្រពីច្រកអន្តរជាតិប៉ោយប៉ែត ។

សូមបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ , សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕






