Feature

អគ្គនាយក ARDB អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចែករំលែកស្ដីពី «Global Trends Affecting the Cambodia Economy»

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ចែករំលែកលើកទី៣ ស្តីពី «Global Trends Affecting the Cambodian Economy» របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។

សិក្ខាសាលានេះបានប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

សិក្ខាសាលានេះត្រូវបានឧទ្ទេសនាម ដោយ សាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប (ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។

សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតបដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងធានាឱ្យបាននូវភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងរក្សាភាពធន់នៃសេដ្ឋកិច្ចជាតិផងដែរ៕

To Top