ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា វិមានសាមគ្គីភាព នឹងជួយលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូល ថា វិមានសាមគ្គីភាព នឹងមិនត្រឹមតែជានិមិត្តរូប នៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះ នឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រ មានព្រះរាជបន្ទូល កោតសរសើរ និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតបង្កើតទស្សនទាន និង ដឹកនាំការកសាង “វិមានសាមគ្គីភាព”ៗនៅលើទីតាំង ជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើង សម្រាប់ទុកជាបេតិកភណ្ឌ ជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូល បន្ដថា វិមាននេះក៏ជានិមិត្តរូបនៃការតភ្ជាប់មោទនភាព បច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់ មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅ លើសកលលោក។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូល ទៀត ថា «យើងអាចសន្និដ្ឋានបានថា វិមានសាមគ្គីភាព នឹងមិនត្រឹមតែជានិមិត្តរូប នៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយ បន្ថែមសោភ័ណភាព និងភាពចម្រុះអមដោយ សំណង់អគារប្រវត្តិសាស្ត្រ ជាច្រើននៅក្នុងវិមានរដ្ឋចំការមន ដែលជាកេរដំណែលមរតកនៃ ស្ថាបត្យកម្ម និងជាស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្ម និងបំពេញព្រះរាជកិច្ចនៅទីនេះ»។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូល ថ្លែងអំណរគុណ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការ សាងសង់ អគារថ្មីព្រឹទ្ធសភា ដែលបានផ្តល់របាយការណ៍ ប្រកបដោយខ្លឹមសារដ៏មានសារៈសំខាន់អំពី ទស្សនទានដំណើរការសាងសង់ ។ ព្រះមហាក្សត្រ ពិតជាមានហឫទ័យ រំភើបជាអនេក ពេលបានទតឃើញ «វិមានសាមគ្គីភាព»ដ៏ស្កឹមស្កៃ ដែលត្រូវបានកសាងរួចរាល់ជាស្ថាពរ ក្នុងទម្រង់សិល្បៈស្ថាបត្យ កម្មខ្មែរដ៏ល្អវិចិត្របែបនេះ៕








