ព្រះមហាក្សត្រ ៖ សម្តេចតេជោ ផ្តល់ប្រឹក្សាជាយុទ្ធសាស្ត្រ គ្មានពេលសម្រាក ដើម្បីការពារឱ្យខាងតែបាននូវទឹកដី

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រគ្មានពេលសម្រាកទាំងយប់-ថ្ងៃ ដើម្បីការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព(អគារថ្មីនៃព្រឹទ្ធសភា) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ បានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវ “នយោបាយឈ្នះ-ឈ្នះ” ហើយជាបន្តបន្ទាប់មកទៀតចាប់ពី”យុទ្ធសាស្ត្រត្រីកោណ” រហូតដល់“យុទ្ធសាស្ត្រចតុកោណ” និងគោលនយោបាយ កែទម្រង់មុតស្រួចនិងស៊ីជម្រៅលើគ្រប់វិស័យ, សេដ្ឋកិច្ចសង្គម ធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ ក៏ដូចជាបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា សម្តេចតេជោ នៅក្នុងគ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅ សម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយវីរយុទ្ធជនជាតិ នៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំង បញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា “សម្តេចតេជោថែមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាក ទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិ” ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា សម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ បាននាំមកនូវសមិទ្ធផល ដ៏ធំធេងបន្ថែមទៀតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារអធិបតេយ្យភាពជាតិដ៏ថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរនៃយើង៕








