កូរ៉េខាងត្បូងប៉ាន់ប្រមាណថា កូរ៉េខាងជើងមានក្បាល គ្រាប់បែកនុយក្លេអ៊ែរពី ៨០គ្រាប់ ទៅ១២០គ្រាប់ លើសពីការប៉ាន់ស្មាន របស់លោក ត្រាំ
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងប៉ាន់ប្រមាណថា កូរ៉េខាងជើងមានក្បាលគ្រាប់ នុយក្លេអ៊ែរចន្លោះពី ៨០គ្រាប់ ទៅ ១២០ គ្រាប់ ដោយលើកឡើងច្រើនជាង ការអះអាងថ្មីៗរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា ទីក្រុងព្យុងយ៉ាងមានអាវុធនុយក្លេអ៊ែរចំនួន ៥៧ គ្រាប់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក អាន់ គ្យូប៊ែក បានប្រាប់សមាជិកសភាថា កូរ៉េខាងជើងត្រូវបានគេជឿថា ជាទូទៅមានក្បាលគ្រាប់ប្រហែល ៨០ ទៅ ១២០ គ្រាប់ ទោះបីជាលោកបានព្រមានថា វាពិបាកក្នុងការកំណត់តួលេខពិតប្រាកដក៏ដោយ។
លោក អាន់ គ្យូប៊ែក បានប្រាប់គណៈកម្មាធិការសភាថា “ជាធម្មតាយើងឃើញវាមានប្រហែល ៨០ ទៅ ១២០ គ្រាប់ ប៉ុន្តែវាពិបាកកំណត់យ៉ាងខ្លាំងក្នុងការបញ្ជាក់ចំនួនពិតប្រាកដ”។
ក្រោយមក លោក អាន់ បានបញ្ជាក់ថា តួលេខនេះត្រូវបានមកពីការប៉ាន់ស្មានដោយអង្គការស្រាវជ្រាវឯកជន ដោយបន្ថែមថា យោធាកូរ៉េខាងត្បូងមិនអាចបញ្ជាក់តួលេខជាផ្លូវការបានទេ។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ មួយថ្ងៃមុនថា លោក គីម មាន “អាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលខ្លាំង” ចំនួន ៥៧ គ្រាប់ លោក អាន់ បាននិយាយថា “តួលេខហាក់ដូចជាខុសគ្នាបន្តិចបន្តួច”។
លោក ត្រាំ បានធ្វើការកត់សម្គាល់នេះនៅឯសេតវិមានកាលពីថ្ងៃពុធ ខណៈពេលកំពុងពិភាក្សាអំពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងផែនការរបស់លោកក្នុងការជួបជាមួយលោកនៅពេលក្រោយនៃឆ្នាំនេះ។
ប្រែសម្រួលៈ ណៃ តុលា
