លោក ខូយ រីដា អញ្ជើញចូលរួមចុះ ហត្ថលេខា ជាមួយក្រុមហ៊ុនKPS Energy (Cambodia) co.Ltdលើផ្ទៃដី ៥,០០០ហិកតា
ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ត្រូវបានរំពឹងថា នឹងក្លាយជាតំបន់សំខាន់មួយ សម្រាប់ការអភិវឌ្ឍថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី បន្ទាប់ពីរដ្ឋបាល ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគ លើផ្ទៃដីប្រមាណ ៥,០០០ហិកតា ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់ ដោយត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការតភ្ជាប់សក្តានុពលរបស់ខេត្ត ទៅនឹងខ្សែសង្វាក់ផលិតកម្ម ឧស្សាហកម្ម និងវិស័យថាមពលប្រកបដោយចីរភាព។លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ភាពជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd មកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ គឺជាលទ្ធផល នៃការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។លោក ខូយ រីដា បានបញ្ជាក់ថា ក្រោមការណែនាំ និង ការសម្របសម្រួលរបស់លោករដ្ឋមន្ត្រី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ពោធិ៍សាត់កំពុងមានការផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានរោងចក្រ និងសហគ្រាសធំៗជាច្រើនចាប់អារម្មណ៍ និងសម្រេចចិត្តមកវិនិយោគ ដែលជាកត្តារួមចំណែក ដល់ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងការបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការវិនិយោគលើផ្ទៃដី ៥,០០០ហិកតា មិនមែនគ្រាន់តែ ជាការចុះហត្ថលេខាលើ ឯកសារមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញ សេដ្ឋកិច្ចមូលដ្ឋាន និងការអភិវឌ្ឍខេត្ត តាមរយៈគម្រោងជាប្រព័ន្ធ។គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមជំរុញការ អភិវឌ្ឍវិស័យថាមពលស្អាត ឧស្សាហកម្មកែច្នៃ និង សកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធ ព្រមទាំងជួយបង្កើន សក្តានុពលខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ។ ការចុះកិច្ចព្រមព្រៀងនេះ ក៏ត្រូវបានចាត់ទុកជាឱកាសថ្មី សម្រាប់ខេត្តពោធិ៍សាត់ ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច បង្កើតការងារ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា។






អត្ថបទនេះដោយ÷ ខេម៉ា/ ដើមអម្ពិល
