អ្នកនាំពាក្យក្រសួងការងារ ៖ រាជរដ្ឋាភិបាលតែងតែ យកចិត្តទុកដាក់ ចំពោះកង្វល់អ្នកបើកបរ តាមថ្នាលបច្ចេកវិទ្យា និងបន្តផ្តល់បរិយាកាសល្អ ប្រសើរសម្រាប់វិស័យឯកជន
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលកិច្ចពិភាក្សា រវាងតំណាងអ្នកបើកបរដឹកអ្នកដំណើរ តាមថ្នាលបច្ចេកវិទ្យា និងតំណាងក្រុមហ៊ុនថ្នាលបច្ចេកវិទ្យា ដើម្បីស្តាប់កង្វល់ និងស្វែងរកដំណោះស្រាយរួម ប្រកបដោយការយោគយល់គ្នា។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានសង្គត់ធ្ងន់ថា ការសម្របសម្រួលនេះ ឈរលើគោលការណ៍សំខាន់៣ គឺ យកចិត្តទុកដាក់ចំពោះជីវភាព និងផលប្រយោជន៍ស្របច្បាប់របស់អ្នកបើកបរផង ថ្លឹងថ្លែងពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ ទូទៅដែលជាអ្នកជិះផ្ទាល់ និង បន្តផ្តល់នូវបរិយាកាសល្អប្រសើរ សម្រាប់វិស័យឯកជនដើម្បីធានាប្រយោជន៍រួមក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ក៏បានផ្សព្វផ្សាយ អំពីឱកាសការងារ និងឱកាសបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដោយឥតគិតថ្លៃ ជូនបងប្អូនអ្នកបើកបរ ដើម្បីឱ្យពួកគាត់មានជម្រើស បន្ថែមក្នុងការស្វែងរកការងារ បង្កើន ជំនាញ ឬបង្កើតប្រភពចំណូលបន្ថែម សំដៅលើកកម្ពស់ជីវភាពគ្រួសារ ឱ្យកាន់តែល្អប្រសើរ។

ក្រសួងបន្តលើកទឹកចិត្ត ឱ្យភាគីពាក់ព័ន្ធប្រើប្រាស់ការសន្ទនា និងការពិភាក្សាដោយសុឆន្ទៈ ដើម្បីស្វែងរកដំណោះស្រាយ ដែលមានតុល្យភាព អាចទទួលយកបាន សម្រាប់គ្រប់ភាគី និងរួមចំណែករក្សាបរិយាកាសធុរកិច្ច និងការងារ ឱ្យកាន់តែល្អប្រសើរ ៕


