អ៊ីស្រាអែល ថ្កោលទោសតួកគី ខណៈដែលទីក្រុងអង់ការ៉ា ស្នើសុំការ ជូនដំណឹងក្រហមរបស់ Interpol សម្រាប់លោក ណេាន់យ៉ាហ៊ូ
យេរូសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញការឆ្លើយតបយ៉ាងខ្លាំងទៅកាន់តួកគី និងប្រធានាធិបតីរបស់ខ្លួនគឺលោក Recep Tayyip Erdogan បន្ទាប់ពីសំណើរបស់តួកគី កាលពីថ្ងៃសុក្រសម្រាប់ការ ជូនដំណឹងក្រហមរបស់ Interpol ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។
សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលបានឧ្យដឹងថា “អ៊ីស្រាអែល មិនចាប់អារម្មណ៍ជាយូរមកហើយ ចំពោះភាពលាក់ពុតរបស់តួកគី” ដោយសំដៅទៅលើមេដឹកនាំតួកគី ថាជា “មេដឹកនាំផ្តាច់ការប្រឆាំងនឹងពួកយូដា”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ឥឡូវនេះលោកកំពុងស្វែងរកការពង្រីកការឈ្លានពានរបស់គាត់ប្រឆាំងនឹងអ៊ីស្រាអែលចូលទៅក្នុងប្រទេសស៊ីរី។ អ៊ីស្រាអែល នឹងមិនអត់ឱនចំពោះវានោះទេ”។
សេចក្ដីថ្លែងការណ៍បានកត់សម្គាល់ថាអ៊ីស្រាអែលនឹងបន្ត “ធ្វើសកម្មភាពដោយការតាំងចិត្តប្រឆាំងនឹងការប៉ុនប៉ងរបស់តួកគី ក្នុងការរំខានដល់ស្ថិរភាពនៅក្នុងតំបន់ និងប្រឆាំងនឹងការគំរាមកំហែងណាមួយ ចំពោះសន្តិសុខរបស់ខ្លួន”។
នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Akin Gurlek បានឧ្យដឹងថា ដំណើរការតុលាការទាក់ទងនឹងការវាយប្រហារដែលបានធ្វើឡើងប្រឆាំងនឹងសកម្មជននៃកងនាវាសកល ដែលបានចេញដំណើរ ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា “បន្តដោយការតាំងចិត្ត”។
កងនាវាសកលបានចេញដំណើរពីប្រទេសតួកគី ក្នុងខែឧសភា ក្នុងការប៉ុនប៉ងបំបែកការបិទផ្លូវរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងដឹកជញ្ជូនជំនួយដល់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែក្រោយមកត្រូវបានអ៊ីស្រាអែល ស្ទាក់ចាប់ និងអ្នកនៅលើនាវានោះត្រូវបាននិរទេសចេញ៕
ប្រែសម្រួល ឈូក បូរ៉ា
