មន្រ្តីឧទ្យានុរក្ស ចុះល្បាតទប់ស្កាត់ការ ទន្ទានដីព្រៃខុសច្បាប់ នៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្ស នៃការិយាល័យ ឧទ្យានជាតិគិរីរម្យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការ បង្ក្រាបការបោះបង្គោលហ៊ុមពទ្ធ័លើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ គោលបំណងយកធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅចំណុចភ្នំហាមឃាត់ ប្រព្រឹត្តដោយអញ្ញាតជន ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។

មន្ត្រីឧទ្យានុរក្ស បានពិនិត្យឃើញនៅទីតាំង ផ្ទាល់ប្រទះឃើញ មានការលួចដាំបង្គោលរបងឈើ ចំនួន ៦៥បង្គោល លើផ្ទៃដីប្រមាណ ០.៤០ហិកតា។ មន្ត្រីឧទ្យានុរក្សអនុវត្តវិធានការច្បាប់ ដោយបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធីស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ការធ្វើសុក្រឹតកម្មការអនុវត្តច្បាប់នៅ ឧទ្យានជាតិគិរីរម្យ មានបីជំហាន៖ ១. ការទប់ស្កាត់និងការការពារ ២. ការរៀបចំសណ្តាប់ធ្នាប់ ៣. ការអភិវឌ្ឍប្រកបដោយចីរភាព៕

