ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានបិទប្រេងឆ្លង កាត់ច្រកសមុទ្រហ័រមូស​ ទាំងស្រុង​ បេីខ្លួនរកឃេីញថា​ ប្រទេសនោះចូលរួមក្នុង សង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិក​

តេអេរ៉ង់៖​ អ៊ីរ៉ង់​ ព្រមានបិទប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស​ ទាំងស្រុង​ បេីខ្លួនរកឃេីញថា​ ប្រទេសនោះចូលរួមក្នុងសង្គ្រាម សេដ្ឋកិច្ចរបស់អាមេរិក​ សារព្រមាននេះធ្វេីឡេីង បន្ទាប់ពីការព្រមានធ្វេីសង្គ្រាមសេដ្ឋកិច្ចទ្រង់ទ្រាយធំរបស់អាមេរិក​ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានព្រមានថា ប្រទេសណាមួយ​ ដែលចូលរួមក្នុងសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​ ប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជា “សត្រូវ” ដោយទីក្រុងតេអេរ៉ង់។

លោក Rezaei លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ។

លោកបានលេីកឡេីងថា អ៊ីរ៉ង់​ នឹងចរចាជាមួយប្រទេសបែបនេះជាមុនសិន ហើយសុំឱ្យពួកគេនៅឱ្យឆ្ងាយពីជម្លោះ ប៉ុន្តែបានព្រមានថា ប្រសិនបើពួកគេបដិសេធ ទីក្រុងតេអេរ៉ង់​ នឹងវាយប្រហារផលប្រយោជន៍របស់ពួកគេ ហើយប្រសិនបើប្រទេសជុំវិញជ្រើសរើសចូលរួមក្នុងការឡោមព័ទ្ធរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ នឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយដំណក់ត្រូវបាននាំចេញពីច្រកសមុទ្រហ័រមូសនោះឡើយ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់​ បានរៀនពីរបៀបគេចវេសទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបន្តការលក់ប្រេងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

លោក Rezaei ក៏បាននិយាយម្តងទៀតថា ច្រកសមុទ្រហ័រមូស នឹងនៅតែបិទ លុះត្រាតែសហរដ្ឋអាមេរិក​ បំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាពអ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខាក្នុងខែមិថុនា ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​ ត្រូវតែធ្វើសកម្មភាពជាមុនសិននៅពេលនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើម ប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន​ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយពណ៌នាអំពីវាថា​ ជាសង្គ្រាមសេដ្ឋកិច្ច និងការឯកោក្នុងទ្រង់ទ្រាយធំ​ ដែលមិនធ្លាប់មានពីមុនមក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top