អ៊ីស្រាអែល ជូនដំណឹងទៅបងធំរបស់ខ្លួន អំពីលទ្ធភាព នៃការដាក់ពង្រាយរ៉ាដារបស់តួកគី នៅក្នុងមូលដ្ឋានទ័ពអាកាសស៊ីរី
យេរូសាឡឹម៖ អ៊ីស្រាអែល បានប្រាប់សហរដ្ឋអាមេរិកថា តួកគី កំពុងរៀបចំដាក់ពង្រាយប្រព័ន្ធរ៉ាដា និងទ្រព្យសម្បត្តិការពារដែនអាកាសនៅមូលដ្ឋានទ័ពអាកាសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល។
មន្ត្រីសន្តិសុខអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ចលនារបស់តួកគី ដែលអាចចោទប្រកាន់អាចផ្លាស់ប្តូរ តុល្យភាពអំណាចក្នុងតំបន់ “យ៉ាងខ្លាំង”។
ប្រភពដែលស៊ាំនឹងការពិភាក្សា បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ថា អ៊ីស្រាអែល មិនបានផ្តល់ពេលវេលា សម្រាប់ការដាក់ពង្រាយរបស់តួកគី ដែលអាចធ្វើទៅបាននោះទេ ។ យ៉ាងណាក៏ដោយ ពួកគេបានកំណត់អត្តសញ្ញាណ អាកាសយានដ្ឋានយោធា Abu al-Duhur ដែលត្រូវបានវាយប្រហារ ដោយកងទ័ពអាកាសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ នៅភាគពាយ័ព្យនៃប្រទេសស៊ីរី ជាទីតាំងដែលមានសក្តានុពល។
ការវាយប្រហារនៅថ្ងៃអង្គារកន្លងទៅនេះ បានធ្វើឱ្យទំនាក់ទំនងរវាងតួកគី និងអ៊ីស្រាអែល កាន់តែតានតឹង។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសស៊ីរី លោក Tom Barrack បានឧ្យដឹងថា អ៊ីស្រាអែល មិនបានជូនដំណឹងដល់សហរដ្ឋអាមេរិក អំពីការវាយប្រហារជាមុននោះទេ។
មន្ត្រីអ៊ីស្រាអែលម្នាក់បានឧ្យដឹងថា ការវាយប្រហារទាំងនេះមានគោលបំណងទប់ស្កាត់ការមកដល់នៃសម្ភារៈ ឬកងទ័ពតួកគីតាមផ្លូវអាកាសនៅមូលដ្ឋានទ័ពអាកាស។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹង “ព័ត៌មានស៊ើបការណ៍សម្ងាត់ច្បាស់លាស់” អំពីចេតនារបស់ប្រទេសតួកគី ក្នុងការធ្វើសកម្មភាពតាមរបៀបដែលនឹង “ធ្វើឱ្យប៉ះពាល់ដល់” សន្តិសុខរបស់អ៊ីស្រាអែល ។ លោកបានបន្ថែមថា ប្រទេសស៊ីរី បានទទួលការព្រមានផ្នែកការទូត មុនពេលការវាយប្រហារនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
