ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់​ អះអាងថា ទីក្រុងវ៉ាស៊ីនតោន​ ត្រូវតែផ្លាស់ប្តូរវោហាសាស្រ្ត និងវិធីសាស្រ្ត​ ចំពោះទីក្រុងតេអេរ៉ង់

តេអេរ៉ង់៖​ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរវោហាសាស្រ្ត និងវិធីសាស្រ្តរបស់ខ្លួន​ ចំពោះប្រទេសអ៊ីរ៉ង់។

លោក Pezeshkian បានឧ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Syed Asim Munir នៅទីក្រុងតេអេរ៉ង់ថា “ការពឹងផ្អែកលើការបង្ខិតបង្ខំ និងការគំរាមកំហែង របស់សហរដ្ឋអាមេរិក​ នឹងធ្វើឱ្យដំណើរការប្រតិបត្តិកាន់តែស្មុគស្មាញ”។

លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហរដ្ឋអាមេរិកក្នុងការបន្តប្តេជ្ញាចិត្ត​ ចំពោះកាតព្វកិច្ចរបស់ខ្លួន​ ចំពោះប្រទេសអ៊ីរ៉ង់ “ដោយផ្អែកលើសិទ្ធិស្របច្បាប់របស់ប្រទេស និងបទប្បញ្ញត្តិអន្តរជាតិ”។

លោកបានកោតសរសើរ​ ចំពោះកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ប៉ាគីស្ថានដើម្បីធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយសម្តែងក្តីសង្ឃឹមថា គោលបំណងដែលមានចែង ក្នុងអនុស្សរណៈ នៃការយោគយល់គ្នាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ (MoU) នឹងត្រូវបានសម្រេច “ជាមួយនឹងការបន្តនៃឆន្ទៈ និងកិច្ចសហប្រតិបត្តិការរួមគ្នា”។

ចំណែកមេបញ្ជាការកងទ័ពប៉ាគីស្ថាន បានឧ្យដឹងថា ប្រទេសប៉ាគីស្ថាន​ នឹងបន្តតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួល និងបានសម្តែងការពេញចិត្ត​ ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសលោកជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top