Feature

ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូន ឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ ការផ្សព្វផ្សាយព័ត៌មាន ទីផ្សារការងារ និងសេវាការងារ ដល់សាធារណជន ឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួង និងក្រុមហ៊ុនប្រតិបត្តិករ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ/ម្ហូបអាហារឈានមុខគេ នៅកម្ពុជាចំនួន ៦ ស្តីពី “ការលើកកម្ពស់ព័ត៌មានទីផ្សារការងារ និងសេវាការងារ” នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

គំនិតផ្តួចផ្តើមចុះ MoU ជាមួយក្រុមហ៊ុន (ហ្គ្រេប) ខេមបូឌា ឯ.ក, ក្រុមហ៊ុន អិមវីអិល តាដា (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន LM Car Co., Ltd., ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក, ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងទិសដៅលើកកម្ពស់ការផ្សព្វផ្សាយ និងសម្រួលដល់ការផ្តល់ព័ត៌មានការងារ និងសេវាការងារ រួមទាំងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១២៩៧ ព្រមទាំងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងការងារ និងការអភិវឌ្ឍជំនាញ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង ៦ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវការបង្កើតកិច្ចសហការរួមគ្នានាពេលនេះ ដែលកើតចេញពីទំនាក់ទំនងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោកមានប្រសាសន៍ថា ការបង្កើតភាពជាដៃគូនេះ គឺជាកិត្តិយស និងការបើកទំព័រថ្មីនៃកិច្ចសហការជាផ្លូវការជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូន សេវាផ្គត់ផ្គង់ទំនិញផ្សេងៗរបស់ក្រុមហ៊ុនកាន់តែរលូន ព្រមទាំងផ្ដល់ឱកាសឱ្យក្រសួងពង្រីកការផ្សព្វផ្សាយសេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់យុវជន អតីតពលករ និងប្រជាពលរដ្ឋទូទៅផងដែរ។

លើសពីនេះ ការចុះ MoU នេះ ក៏ជាការវិនិយោគសង្គមបែបយុទ្ធសាស្ត្រមួយ ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាលើកកម្ពស់យន្តការផ្តល់សេវាការងារ ព័ត៌មានទីផ្សារការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍទីផ្សារការងារ និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។ ទន្ទឹមនេះ បុគ្គលិកក្រុមហ៊ុន និងអ្នកបើកបរក៏មានឱកាសចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លានដោយឥតគិតថ្លៃ និងមានភាពបត់បែន ជាពិសេសបងប្អូនអ្នករត់ម៉ូតូកង់បី។ ពួកគាត់អាចយកម៉ូតូទៅកែច្នៃដាក់សម្ភារៈជួសជុលគ្រឿងអគ្គិសនី បរិក្ខារត្រជាក់ និងជណ្តើរយន្តជាដើម ដើម្បីរកចំណូលបន្ថែម។

ខណៈពេលដែលការប្រកបមុខរបរនេះជាវិស័យថ្មីនៅកម្ពុជា លោករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនទាំង ៦ ឬក្រុមហ៊ុនផ្សេងៗទៀតពិចារណាក្នុងការចងក្រងជាសមាគមរួមសំឡេងតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម កំណត់ក្របខ័ណ្ឌក្នុងការប្រកបអាជីវកម្ម និងទំហំទីផ្សារ ក៏ដូចជាសម្រាប់លើកជាសំណូមពររួមដាក់ជូនក្រសួងពាក់ព័ន្ធក្នុងការការពារផលប្រយោជន៍រួម។ លោកបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងដំណើរការយ៉ាងរលូន ហើយលោកត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្របន្ថែម ដើម្បីឱ្យទទួលបានជោគជ័យក្នុងការអនុវត្ត៕

To Top