សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៧-២០២៩) ស្រុកក្រគរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នៅថ្ងៃពុធ ១៣ កើត ខែស្រាពណ៌ ឆ្នាំមមី ព.ស ២៥៧០ ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៦លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និងលោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចូលរួម ក្នុងពិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មគម្រោង អភិវឌ្ឍន៍អាទិភាព សម្រាប់បម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ និង លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនៅមូលដ្ឋាន ។

ក្នុងឱកាសនោះ អ្នកចូលរួមបានធ្វើការពិភាក្សា និង ផ្លាស់ប្តូរយោបល់លើគម្រោងនានា ដោយផ្តោតសំខាន់លើការ កំណត់បញ្ហាប្រឈម តម្រូវការជាក់ស្តែង និងអាទិភាពនៃគម្រោង ដើម្បីធានាថាកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) អាចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

លោក ងួន ប៉ោសេង និងលោក អ៊ន សុខផល្លា បានជំរុញ ឱ្យអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបន្តសហការ គ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំគម្រោងឱ្យមានភាពច្បាស់លាស់ សមស្របតាមស្ថានភាពជាក់ស្តែង និងមានលទ្ធភាពអនុវត្ត ដើម្បីរួមចំណែកជំរុញការ អភិវឌ្ឍស្រុកក្រគរឱ្យកាន់តែមានការរីកចម្រើន និងឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ។

សិក្ខាសាលាសមាហរណកម្មនេះ ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកំណត់ទិសដៅ វិនិយោគរបស់ស្រុកក្រគរ សម្រាប់រយៈពេលបីឆ្នាំខាងមុខ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងស្របតាមគោល នយោបាយអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តពោធិ៍សាត់។



អត្ថបទនេះដោយ ÷ ខេម៉ា/ដើមអម្ពិល
