ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ២% ថែមទៀត ដោយសារការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល 2% នៅថ្ងៃពុធ ដែលបន្ថែមទៅលើការធ្លាក់ចុះនៃវគ្គជួញដូរមុន ដោយសារក្តីសង្ឃឹមថ្មីថាច្រកសមុទ្រ Hormuz អាចបើកឡើងវិញ បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថា ខ្លួនបានបន្តការចរចា ជាមួយប្រទេសជិតខាងអូម៉ង់ ស្តីពីការគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 1.78 ដុល្លារ ឬ 2.0% មកនៅត្រឹម 86.80 ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកិច្ចសន្យាប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ 1.49 ដុល្លារ ឬ 1.8% មកនៅត្រឹម 80.87 ដុល្លារ។ តម្លៃស្តង់ដារទាំងពីរបានធ្លាក់ចុះជាង 3% នៅថ្ងៃអង្គារ។

លោក Mitsuru Muraishi អ្នកវិភាគនៅ Fujitomi Securities បាននិយាយថា “ទីផ្សារនៅតែបន្តប្រតិកម្មចំពោះការវិវត្តជុំវិញដំណើរតាមច្រកសមុទ្រ Hormuz ហើយក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពក្នុងការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ បានបង្កឱ្យមានក្តីរំពឹង “។

អ៊ីរ៉ង់បាននិយាយថា ខ្លួនបានចាប់ផ្តើមការចរចាឡើងវិញជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រនេះ ខណៈដែលអ៊ីរ៉ង់ គឺកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ប្រែសម្រួលៈ ណៃ តុលា

To Top